ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់២ក្រុមទាស់សំដីគ្នាកើតហិង្សាវាយកាប់ចាក់ ៤នាក់ដេកពេទ្យ ៥នាក់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កម្មករសំណង់ ប្រុស ស្រី២ក្រុម៩នាក់ ទំនាស់ពាក្យសំដី ឈានដល់ប្រើអំពើហិង្សា វាយកាប់ចាក់គ្នាទៅវិញ ទៅមក បណ្តាលឲ្យមានអ្នករងរបួសដេកពេទ្យ៤នាក់ និង៥នាក់ទៀត ត្រូវនគរបាលចាប់ឃាត់ខ្លួន ។

ករណីនេះ កើតឡើងកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្នុងបុរីហាយឡែនធីសុី ក្រុម១ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រុមកម្មករ ដែលសមត្ថកិច្ចឃាត់ខ្លួនទី១ ឈ្មោះ មឿន វៃ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសណង់ ទី២ ឈ្មោះ យ៉ឺយ ចំណាន ភេទស្រី អាយុ៣៦ឆ្នាំ ធ្វើសំណង់ អ្នកទាំង២ ស្នាក់ក្នុងការដ្ឋានសំណង់ខាងលើ មានស្រុកកំណើតភូមិជើងទឹក ឃុំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ទី៣ឈ្មោះ រឿង រ៉ាញ់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ ទី៤ឈ្មោះ ហ៊ត សីហា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរបកម្មករសំណង់ និងទី៥ ឈ្មោះ សេង ហ៊ន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមេការសំណង់ អ្នកទាំងអស់ ស្នាក់ក្នុងការដ្ឋានសំណង់ខាងលើ និងមានស្រុកកំណើត ភូមិជ័យ វីរៈ ឃុំគោក គង់ខាងជើង ស្រុកកញ្ចៀក ខេត្តព្រៃវែង ។ ចំណែក៤នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឃ) ។

តាមប្រភពពីមេការសំណង់ឈ្មោះ សេង ហ៊ន អាយុ៤១ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកកញ្ជៀច ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមួយថ្ងៃ បានបាត់ដែក (តាយ៉េ)ចំនួន១០០០តាយ៉េ សរុបជាទឹកប្រាក់ជាង១០ម៉ឺនរៀល ដោយខឹងពេក រូបគាត់បានស្រែកជេរ និងសួររកមុខអ្នកលួច ក៏លេចមុខស្រ្តីម្នាក់ចេញមកឈ្លោះ និងជេរតវិញ ធ្វើឲ្យក្រុមភាគីសងខាងចេញមកព្រោងព្រាត ដោយម្ខាងមានកាន់កាំបិត និងម្ខាងទៀត មានកាន់ដំបង បង្កជាហិង្សារវាយកាប់ ចាក់គ្នា បណ្ដាលឲ្យកម្មករសំណង់៤នាក់ រងរបួសធ្ងន់ ត្រូវសាច់ញាតិដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រៈកុសុមៈ និង៥នាក់ទៀត ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្នុងនោះមានស្រ្តីម្នាក់ រួមទាំងមេការសំណង់ម្នាក់ផងដែរ ។

ក្រោយកើតហេតុ កម្លាំងនគរបាលបានឃាត់ខ្លួនមេការសំណង់ម្នាក់ និងកម្មករ៤នាក់ ក្នុងនោះមានស្រីម្នាក់យកមកប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនមកជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខចាត់ការបន្ត តាមនិតិវិធីច្បាប់ ៕ តុង សីហា

as-5 as-4 as-3 as-2 as-1 as as-6


ចែករំលែក៖