ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តMazdaមួយគ្រឿងក្នុងល្បឿនលឿនក៏ជ្រុលទៅបុករះរថយន្តនិងឡំប្រីតាចតលើចិញ្ចើមផ្លូវ រួចបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០:២០នាទីយប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកMazdaពណ៌កណ្តុប្រមេះមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា VISOT257បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតជ្រុលទៅបុករថយន្ត ម៉ាក LAND CRUISER PRADO ពណ៌សមួយគ្រឿងដែលចតនៅលេីខឿនចិញ្ចើមផ្លូវរួចបន្តទៅបុកឡំប្រីតាមួយគ្រឿងទៀតដែលម្ចាស់ឈប់ចតលេីផ្លូវដូចគ្នាបណ្តាលឲ្យឡំប្រីតាបោកខ្ទាតទៅប៉ះរថយន្ដចតនៅក្បែគ្នារងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្ក បានបន្តទៅបុកផ្ទប់របងផ្ទះពលរដ្ឋរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែកតៃកុងត្រូវសមត្ថកិច្ចឃាត់យកទៅប៉ុស្តិ៍នគបាលសង្កាត់បឹងត្របែកធ្វើការសួរនាំ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ក្រុងភ្នំពេញចុះមកវាស់វែងយករថយន្តបង្ក និងរថយន្តរងគ្រោះ ទាំងឡំប្រីតាទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដាះសន្ន រងចាំការដោះស្រាយគ្នានៅពេលក្រោយ ៕ ដោយ ៖ ភារ៉ា ដង្កោ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច