ខេត្តបាត់ដំបង៖ ផ្ទះចំនួន០២ខ្នងត្រូវបានអគ្គីភ័យលេបត្របាក់ឆាបឆេះយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធជាច្រើនចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ០៧និង០០នាទី ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចខាងក្រោយវត្តរំដួល ស្ថិតក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។
ប្រភពពីម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើបាន ឱ្យដឹងថា ករណីអគ្គីភ័យនេះអាចកូនប្រុសរបស់លោកជាអ្នកដុត ពីព្រោះនៅមុនពេលកើតហេតុកូនប្រុសរបស់លោកវាបែកឆ្កួតរហូតច្របាច់កអាប្អូនតែត្រូវបានលោកជួយរំដោះនិងដឹកចេញទៅក្រៅ។ លុះក្រោយមកក៏ទទួលបានព័ត៌មានថាអគ្គីភ័យឆេះផ្ទះតែម្តង។
សមត្ថកិច្ចបានឱ្យដឹងដែរថា ករណីអគ្គីភ័យខាងលើនេះបានបណ្ដាលអោយឆេះផ្ទះចំនួន០២ខ្នង ដែល០១ខ្នងមានទំហំ ០៧.៥០ម៉ែត្រ x ០៨.៥០ម៉ែត្រ សង់អំពីថ្មក្រោមឈើលើ ដំបូលប្រក់ស័ង្កសី និង០១ខ្នងទៀត ទំហំ ០៦ម៉ែត្រ x ០៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ឆេះអស់ទាំងស្រុង ហើយភ្លាមនោះកម្លាំងជំនាញពាក់ ព័ន្ធ មានទាំងកម្លាំងកងរាជអាវុធហត្ថ កម្លាំងសឹករង កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងការិយាល័យបង្ការពន្លត់អគ្គីភ័យខេត្ត និងតាមបណ្តាស្រុកមួយចំនួនបាននាំយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងចេញមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច