ខេត្តមណ្ឌលគិរី÷ យោងតាមទំព័រហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីបានឱ្យដឹងនៅថ្ងៃទី១៥ខែសីហា នេះថា ពលរដ្ឋប្រុស-ស្រីចំនួន ២២ នាក់ (ស្ត្រី០១នាក់) ត្រូវបានក្រុមការងារចម្រុះខេត្តមណ្ឌលគិរី ធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់ សកម្មភាពជីករុករករ៉ែមាសខុសច្បាប់! បន្ទាប់ពីក្រុមការងារចុះត្រួតពិនិត្យ និងបង្ក្រាបនៅតំបន់ភ្នំលូងឈូង ស្ថិតក្នុងបរិវេណ (ក្រុមហ៊ុន ឃុនយ័ន្ត) ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះធ្វើឡើងនៅចំណុច ភ្នំលូងឈូង (ក្រុមហ៊ុន ឃុនយ័ន្ត) ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោមការដឹកនាំរបស់លោក សាន់ ដារិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី។
យោងតាមទំព័រហ្វេសប៊ុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឱ្យដឹងថា : កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ១៤នាក់ ដឹកនាំដោយ លោក វរសេនីយ៍ឯក ភោគ ចន្ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយក្រុមការងារថ្នាក់ខេត្ត ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពជីករុករករ៉ែមាសខុសច្បាប់នៅទីតាំងខាងលើ។
ក្រុមការងារចម្រុះដែលចូលរួមក្នុងប្រតិបត្តិការនេះ រួមមានមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្ត កម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មន្ត្រីមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរស្រុកកោះញែក។
តាមការចុះពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញ ស្លាកស្នាមនៃការជីក និងរុករករ៉ែមាសជាច្រើនកន្លែង តាមបណ្តោយអូរលូងឈូង ដែលស្ថិតនៅក្នុងបរិវេណក្រុមហ៊ុន ឃុនយ័ន្ត។
ជាមួយគ្នានេះ ក្រុមការងារបានធ្វើការបង្ក្រាប និងធ្វើកិច្ចសន្យាអប់រំណែនាំដល់ប្រជាពលរដ្ឋទាំង ២២នាក់ ឱ្យបញ្ឈប់សកម្មភាពរុករករ៉ែខុសច្បាប់ និងមិនបន្តសកម្មភាពនេះទៀត។ បន្ទាប់ពីទទួលការអប់រំណែនាំ ពួកគាត់ត្រូវបានឱ្យវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។
ប្រតិបត្តិការនេះ គឺជាការចុះត្រួតពិនិត្យ និងទប់ស្កាត់សកម្មភាពរុករករ៉ែមាសខុសច្បាប់នៅតំបន់ភ្នំលូងឈូង ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការពារធនធានធម្មជាតិនៅក្នុងមូលដ្ឋាន ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច