ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួន​មេខ្យល់​បាន០៣​នាក់ ក្នុងករណី​នាំ​ពលករ​ខ្មែរចំនួន០៩​នាក់ ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ

ចែករំលែក៖

ខេត្តបាត់ដំបង÷  កាលពីថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៥:០០​នាទី ដោយ​អនុវត្ត​នូវ​បទបញ្ជា​យ៉ាង​ហ្មឹ​ង​ម៉ាត់​ពី​ នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​ លោក​ ឧត្តមសេនីយ៍ទោ ដា​ញ់ អេ​ង​ប៊ុ​ន​ចាន់ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ទោ វេ គឹ​មចត់ អធិការ​នគរបាល​ស្រុក​កំ​រៀង សហការ​ជាមួយ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ប៉ុស្តិ៍​ស្វាយចេក បាន​ធ្វើការ​ទប់ស្កាត់ ករណី​ការ​ទទួលយក​មនុស្ស ដោយ​មាន​គោលដៅ​ជួយ​ដល់​ជនល្មើស ឆ្លង​ដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ នៅ​ត្រង់​ចំណុច​មុខ​ធនាគារ​ហ្វី​លី​ព ភូមិ​ស្វាយ​ធំ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ រួមមាន :

១-​ ឈ្មោះ ឆាយ មាស ភេទ​ប្រុស អាយុ​ ២៦​ឆ្នាំ មុខរបរ​(មេខ្យល់ )មាន​ទីលំនៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ។

២-​ ឈ្មោះ គឹ​ម ចាន់​ណា ភេទ​ប្រុស អាយុ​ ២៩​ឆ្នាំ មុខរបរ​(អ្នក​ដឹក​ជញ្ជូន) មាន​ទីលំនៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​ ។

៣-​ ឈ្មោះ ខាត់ ណា​ង ភេទ​ប្រុស អាយុ​ ៤០​ឆ្នាំ មុខរបរ​(រត់​តាក់ស៊ី )មាន​ទីលំនៅ​ភូមិ​គោក​សុ​ក្រំ ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ សង្ស័យ​ទាំង​០៣​នាក់ ត្រូវ​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង ដេីម្បីសួរនាំបន្ត ។

វត្ថុ​តាង​ចាប់​យក​បាន​រួម​មាន : – រថយន្ត ០១​គ្រឿង ម៉ាក Toyota Sienta ស្លាក​លេខ​ភ្នំពេញ 2AK-3627,  – ម៉ូតូ​កង់​បី ០១​គ្រឿង គ្មាន​ស្លាក​លេខ , – ទូរ​សព្ទ​ដៃ​ចំនួន ០៣​គ្រឿង ព្រមទាំង​ពលករ​ចំនួន ០៩​នាក់ ស្រី ០៥​នាក់ អនីតិជន ០២​នាក់ ។

ក្រោយ​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ទាំង៣​នាក់ បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ទទួលយក​ពលករ និង​ជួយ​ដឹក​ជញ្ជូន ដើម្បី​ឱ្យ​ឆ្លង​ដែន​ខុសច្បាប់​ចូល​ទឹកដី​ថៃ ដោយ​ទទួល​ថ្លៃ​ឈ្នួល​ពី​ម្នាក់ ៤០០០​បាត ពិត ប្រាកដមែន។

បច្ចុប្បន្ន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត បាត់ដំបង ដើម្បី​ចាត់វិធានការ​បន្តតាម​នីតិវិធី៕


ចែករំលែក៖