ភ្នំពេញ៖ ដោយយកចិត្តទុកដាក់ខ្ពស់ចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបាន ថ្លែងឡើងនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៦ ពាក់ព័ន្ធនឹងការពង្រឹងសីលធម៌សង្គម ការលើកកម្ពស់តម្លៃ និងការការពារសិទ្ធិ កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ត្រី និងដោយផ្អែកលើតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់ខ្លួន ក្រសួងព័ត៌មាននឹងបន្ត ពង្រឹងការអនុវត្តច្បាប់ បទប្បញ្ញត្តិ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ព្រម ទាំងបន្តពង្រឹងកិច្ចសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងចាត់វិធានការសមស្រប តាមច្បាប់ចំពោះការផលិត ការបង្ហោះ ការចែករំលែក និងការផ្សព្វផ្សាយ មាតិកាដែលបំពានច្បាប់ ប៉ះពាល់ដល់សីលធម៌សង្គម ឬរំលោភបំពានលើសិទ្ធិ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រី។
ក្នុងន័យនេះ អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពល លើបណ្តាញសង្គម អ្នកគ្រប់គ្រងគេហទំព័រ និងគណនីបណ្តាញសង្គម ព្រមទាំងអ្នកប្រើប្រាស់បណ្តាញ ទំនាក់ទំនងសង្គមទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវច្បាប់ ក្រមសីលធម៌និងវិជ្ជាជីវៈ និងការទទួលខុសត្រូវ ចំពោះសង្គម ព្រមទាំងការទទួលខុសត្រូវចំពោះមុខច្បាប់ចំពោះមាតិកាដែលខ្លួនបានផលិត បង្ហោះ ចែករំលែក ឬផ្សព្វផ្សាយ និងការគោរពសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
ត្រូវចៀសវាងការផលិត ធ្វើបទសម្ភាសន៍នានា ការបង្ហោះ ការចែករំលែក ឬការផ្សព្វផ្សាយ មាតិកាដែលមានលក្ខណៈញុះញង់ បង្កហេតុ បង្កជម្លោះ ឬជំរុញឱ្យមានការស្អប់ខ្ពើម, ជេរប្រមាថ បរិហារ កេរ្តិ៍ បន្ទាបបន្ថោក ឬធ្វើឱ្យអ្នកដទៃអាម៉ាស់, មាតិកាអាសអាភាស អនាចារ ឬផ្ទុយនឹងសីលធម៌ និង គុណតម្លៃល្អរបស់សង្គមខ្មែរ, មាតិកាដែលប្រមាថមើលងាយ ឬប៉ះពាល់ដល់តម្លៃ កិត្តិយស និងសេចក្តី ថ្លៃថ្នូររបស់ស្ត្រី, ព្រមទាំងការប្រើប្រាស់រូបភាព វីដេអូ សំឡេង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា ឌីជីថលផ្សេងទៀត ដើម្បីកែច្នៃ បំភ្លៃ ឬបង្កើតមាតិកាដែលបំពានសិទ្ធិ និងបង្កការខូចខាតដល់អ្នកដទៃ និងមាតិកាដែលយករូបរាង រាងកាយ ជីវិតឯកជន ឬភាពងាយរងគ្រោះរបស់ស្ត្រីមកធ្វើជាមធ្យោបាយទាក់ទាញការចាប់អារម្មណ៍ បង្កើនចំនួនអ្នកមើល ឬស្វែងរកផលប្រយោជន៍ពាណិជ្ជកម្ម ដោយបន្ទាប បន្ថោកកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។
ក្រសួងព័ត៌មានសូមបញ្ជាក់ថា សេរីភាពនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ត្រូវ អនុវត្តដោយភ្ជាប់ជាមួយការទទួលខុសត្រូវ ក្រមសីលធម៌វិជ្ជាជីវៈ និងការគោរពច្បាប់។ សេរីភាពមិន អាចត្រូវបានប្រើប្រាស់ជាមធ្យោបាយដើម្បីបំពានសិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬបង្ក ផលប៉ះពាល់ដល់សីលធម៌ និងសណ្តាប់ធ្នាប់សង្គមឡើយ។
*វិធានការរដ្ឋបាល និងវិធានការច្បាប់
ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្ត ក្រសួងព័ត៌មាននឹងអនុវត្តវិធានការស្របតាមសមត្ថកិច្ច និងបទប្បញ្ញត្តិជាធរមាន ដោយផ្អែកលើលក្ខណៈ ទំហំ និងភាពធ្ងន់ធ្ងរនៃអំពើ រួមមាន៖
១. ចំពោះអ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មាន
ក្រសួងព័ត៌មាននឹងអនុវត្តវិធានការរដ្ឋបាលតាមសមត្ថកិច្ចចាប់ពីការណែនាំ ការព្រមាន ការ តម្រូវឱ្យកែតម្រូវ ឬដកចេញមាតិកាដែលមានបញ្ហា រហូតដល់ការពិនិត្យឡើងវិញនូវលក្ខខណ្ឌ និង អនុលោមភាពនៃអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ដែលបានចេញដោយក្រសួងព័ត៌មាន និងចាត់វិធានការ
រដ្ឋបាលផ្សេងទៀតស្របតាមច្បាប់ ការចុះបញ្ជីឬការអនុញ្ញាតផ្សេងទៀត និងបទប្បញ្ញត្តិជាធរមាន។ ក្នុងករណីរកឃើញថា អំពើនោះមានសញ្ញានៃបទល្មើស ឬស្ថិតក្រោមសមត្ថកិច្ចរបស់ ស្ថាប័នផ្សេង ក្រសួងព័ត៌មាននឹងបញ្ជូនករណី ឬសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធាន ការតាមផ្លូវច្បាប់។
២. ចំពោះអ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម អ្នកគ្រប់គ្រងគេហទំព័រ ឬគណនីបណ្តាញសង្គម ដែលមិនស្ថិតក្នុងវិសាលភាពអ្នកសារព័ត៌មាន
ក្រសួងព័ត៌មាននឹងសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ច និងភាគីពាក់ព័ន្ធ ដើម្បី អនុវត្តវិធានការសមស្របទៅតាមស្ថានភាពជាក់ស្តែង រួមមាន ការអប់រំ និងណែនាំ ការព្រមាន ការស្នើ ឱ្យកែតម្រូវ ឬដកចេញមាតិកាដែលបំពាន ការសម្របសម្រួលជាមួយអ្នកផ្តល់សេវា ឬវេទិកាឌីជីថល តាមនីតិវិធីជាធរមាន និងវិធានការផ្សេងទៀតតាមសមត្ថកិច្ច។
ក្នុងករណីមានសញ្ញានៃបទល្មើស ក្រសួងព័ត៌មាននឹងសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
៣. គោលការណ៍នៃការអនុវត្តវិធានការ
រាល់វិធានការរដ្ឋបាល និងវិធានការច្បាប់ នឹងអនុវត្តដោយផ្អែកលើគោលការណ៍នីត្យានុកូលភាព ភាពចាំបាច់ សមាមាត្រ សមធម៌ និងការទទួលខុសត្រូវ ដោយពិនិត្យទៅលើធម្មជាតិ និងភាពធ្ងន់ធ្ងរនៃ ចេតនានៃការប្រព្រឹត្ត ទំហំ និងវិសាលភាពនៃការផ្សាយ ផលប៉ះពាល់ដែលបានកើតឡើង ការប្រព្រឹត្ត ដដែលៗ និងកម្រិតនៃការទទួលខុសត្រូវរបស់បុគ្គល ឬអង្គភាពពាក់ព័ន្ធ។
ទន្ទឹមនឹងការអនុវត្តវិធានការខាងលើ ក្រសួងព័ត៌មានសូមអំពាវនាវដល់ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញសង្គម និងសាធារណជនទាំងអស់ ចូលរួមកសាងប្រព័ន្ធអេកូឡូស៊ីព័ត៌មានប្រកបដោយសុវត្ថិភាព សីលធម៌ គុណភាព និងការទទួលខុសត្រូវ ដោយលើកកម្ពស់មាតិកាវិជ្ជមាន មាតិកាអប់រំ និងមាតិកាដែលលើកតម្កើងតម្លៃគ្រួសារ វប្បធម៌ ប្រពៃណី សីលធម៌សង្គម និងជាពិសេស តម្លៃ កិត្តិយស សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីកម្ពុជា។
ការពង្រឹងសីលធម៌សង្គម និងការការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី គឺ ជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា៕ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច