ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តGAC មួយគ្រឿងបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរួចព្យាយាមបើករត់តែកម្លាំងសមត្ថកិច្ចតាមដេញឃាត់បានមកវិញ

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នកចរាចរណ៍មួយបានកើតឡើងខណៈបុរសម្នាក់បើករថយន្តGAC មួយគ្រឿងបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរួចព្យាយាមបើករត់តែកម្លាំងសមត្ថកិច្ចតាមដេញឃាត់បានមកវិញ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០ នាទីយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៦១ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បានបើករថយន្ត១គ្រឿងម៉ាក GAC ពាក់ស្លាកលេខភ្នំពេញ2AT-6155 តាមបណ្តោយផ្លូវខាងលើលុះមកដល់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់មួយកង់ ហើយអ្នកបើកបរព្យាយាមបើករត់ចេញពីកន្លែងកើតហេតុតែត្រូវកម្លាំងសមត្ថកិច្ចតាមដេញឃាត់បានមកវិញ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបាននាំអ្នកបើកបរនិងរថយន្តមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១  រួចបានទំនាក់ទំនងទៅសមត្ថកិច្ចទំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកយករថយន្តនិងអ្នកបើកបរទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ


ចែករំលែក៖