ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បណ្ដុះបណ្ដាលនិងវិជ្ជាជីវៈ បានបញ្ជាក់អំពីរោងចក្រ៣ នៅខេត្តបន្ទាយមានជ័យបិទទ្វារ ដោយសារថ្លៃដឹកជញ្ជូនកើនខ្ពស់ពីវិបត្តិព្រំដែន ខណៈក្រសួងការងារធានាសិទ្ធិកម្មករ និងឱកាសការងារថ្មី។
លោកអ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការឈ្លានពានរបស់ថៃ និងការបិទច្រកព្រំដែន បានធ្វើឱ្យថ្លៃដឹកជញ្ជូនទំនិញកើនឡើងរាប់សិបដង ដោយរោងចក្រ សហគ្រាសមួយចំនួនត្រូវបង្វែរទិសដៅដឹកជញ្ជូនតាមប្រទេសឡាវ ផ្លូវសមុទ្រ និងពេលខ្លះត្រូវដឹកតាមផ្លូវអាកាស ដើម្បីធានាការផ្គត់ផ្គង់ទាន់ពេលវេលា។ ស្ថានភាពនេះបានធ្វើឱ្យថ្លៃដើមកើនឡើង និងបង្ខំឱ្យរោងចក្រ សហគ្រាសមួយចំនួននៅខេត្តបន្ទាយមានជ័យត្រូវបិទទ្វារ។
នៅខេត្តបន្ទាយមានជ័យ រោងចក្រ សហគ្រាសចំនួន៣បានរងផលប៉ះពាល់ ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា នឹងធានាសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនកម្មករ ព្រមទាំងជួយផ្គូផ្គងការងារថ្មី និងផ្តល់ការបណ្តុះបណ្តាលជំនាញដោយឥតគិតថ្លៃ។
លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ បានបញ្ជាក់បន្ថែមថា ទោះមានរោងចក្រ សហគ្រាសមួយចំនួនរងផលប៉ះពាល់ក៏ដោយ កម្ពុជានៅមានឱកាសការងារជាង ៩ម៉ឺនកន្លែង ហើយក្រសួងនឹងបន្តជួយកម្មករដែលរងផលប៉ះពាល់ ឱ្យទទួលបានការងារ និងប្រាក់ចំណូលឡើងវិញឆាប់រហ័ស៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច