ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តព្រះសីហនុ បន្តបង្ក្រាបបទល្មើសជាបន្តបន្ទាប់ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានបន្តស្រាវជ្រាវ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសផ្សេងៗជាបន្តបន្ទាប់ ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានបង្ក្រាបករណីបើកបរម៉ូតូប្រណាំងប្រដេញ បង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមនុស្សស្លាប់ ០១នាក់ នៅសង្កាត់រាម ក្រុងកំពង់សោម ករណីហិង្សាដោយចេតនា ករណីធ្វើឱ្យខូចខាតដោយចេតនា និងប៉ុនប៉ងឃាតកម្ម ព្រមទាំងករណីអំពើលួចមានស្ថានទម្ងន់ទោស និងអំពើលួចផ្សេងៗ ដូចជា លួចម៉ូតូដោយកាច់បំបែកសោ លួចកាត់ខ្សែភ្លើង និងលួចកាត់យកដែកអាលុយមីញ៉ូម ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ ក្នុងនោះមានជនជាតិខ្មែរ និងជនបរទេស ព្រមទាំងបន្តស្រាវជ្រាវស្វែងរកបក្ខពួកដែលពាក់ព័ន្ធ និងកំពុងគេចខ្លួន។ ក្នុងចំណោមករណីទាំងនេះ សមត្ថកិច្ចក៏បានស្រាវជ្រាវបំបែកសំណុំរឿងក្រុមជនសង្ស័យលួចម៉ូតូ ដែលបានប្រព្រឹត្តសកម្មភាពជាច្រើនករណីនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងបានស្រាវជ្រាវរកឃើញសម្ភារ និងវត្ថុតាងពាក់ព័ន្ធជាបន្តបន្ទាប់ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន ម៉ូតូ និងរថយន្តជាច្រើនគ្រឿង ទូរស័ព្ទដៃ គ្រឿងចក្រ ខ្សែភ្លើង ដែកអាលុយមីញ៉ូម ឧបករណ៍កាត់ខ្សែភ្លើង ឧបករណ៍កាច់ និងចម្លងសោម៉ូតូ ព្រមទាំងសម្ភារ និងឧបករណ៍ផ្សេងៗពាក់ព័ន្ធនឹងសកម្មភាពល្មើស ។

ចំពោះសម្ភារវត្ថុតាងមួយចំនួន បានប្រគល់ឱ្យម្ចាស់ដើមវិញ ដោយទទួលបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការអនុញ្ញាតពីឯកឧត្តម ព្រះរាជអាជ្ញា ។

ដោយឡែក ចំពោះភាគីមួយចំនួនដែលពុំមានតម្រុយពាក់ព័ន្ធនឹងបទល្មើស បន្ទាប់ពីការសាកសួរ និងស្រាវជ្រាវ សមត្ថកិច្ចបានធ្វើការអប់រំ ធ្វើកិច្ចសន្យា និងមានអ្នកធានា ឱ្យត្រឡប់ទៅលំនៅឋានវិញ ដោយមានការឯកភាពពីថ្នាក់ដឹកនាំ និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។ ចំពោះអនីតិជនដែលពាក់ព័ន្ធ ក៏ត្រូវបានអនុវត្តតាមនីតិវិធី និងគោលការណ៍ការពារអនីតិជន ដោយប្រគល់ជូនអាណាព្យាបាលធានា និងអប់រំ ។

បច្ចុប្បន្ន ជនសង្ស័យដែលពាក់ព័ន្ធ ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នឹងបន្តពង្រឹងការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលប្រព្រឹត្តល្មើស ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុ ឱ្យបានកាន់តែល្អប្រសើរ ៕


ចែករំលែក៖