ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ កម្លាំងនៃអធិការដ្ឋានខណ្ឌបានធ្វើការស្រាវជ្រាវឈានដល់ការតាមចាប់ឃាត់ខ្លួនក្រុមជនសង្ស័យបាន៣នាក់។

ករណីចុះបង្ក្រាបក្រុមជនសង្ស័យខាងលើនេះធ្វើឡើងកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅចំណុចបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពលើកទ្វាររបងផ្ទះចេញ០១ផ្ទាំង ចូលលួចយកម៉ូតូ ០២គ្រឿង នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០១ និង០០នាទី និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យដែលឃាត់ខ្លួនបាន៖

១. ឈ្មោះ ធា ចាន់ណារ៉ូត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)

២. ឈ្មោះ សឿន ភា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះសហគមន៍ ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ ភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)

៣. ឈ្មោះ វិន សុផា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀន)

ចំណែកជនរងគ្រោះមាន ឈ្មោះ ឆាំង សារ៉េត ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

-សម្ភារបាត់បង់៖ ម៉ូតូ០២គ្រឿងម៉ាកឡេត ស៊េរី២០១៥ ពណ៌ស ស្លាកលេខ ភ្នំពេញ 1FG-2867 និង ស៊េរី២០១៨ ពណ៌ក្រហម-ស (គ្មានស្លាកលេខ) របស់ជនរងគ្រោះ។

ប្រភពពីសមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០១ និង៣០នាទី មុនពេលកើតហេតុ នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ឆាំង សារ៉េត ភេទស្រី បានទុកម៉ូតូ០២គ្រឿងម៉ាក ឡេត ស៊េរី២០១៥ ពណ៌ស ស្លាកលេខ ភ្នំពេញ 1FG-2867 និងស៊េរី២០១៨ ពណ៌ក្រហម-ស (គ្មានស្លាកលេខ) នៅក្នុងបរិវេណមុខផ្ទះស្នាក់នៅ ស្ថិតនៅផ្លូវបេតុង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយពុំបានចាក់សោម៉ូតូ និងទ្វាររបងផ្ទះរនាំងដែកខាងមុខ ចងខ្សែភ្ជាប់ រួចជនរងគ្រោះក៏ចូលទៅសម្រាកនៅក្នុងផ្ទះ។ ដល់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០១ និង៣០នាទី ជនរងគ្រោះបានក្រោកឡើង មើលម៉ូតូក៏ឃើញបាត់ទាំង០២គ្រឿង ដោយទ្វាររបងផ្ទះ បើកចំហ (ត្រូវបានស្រាយខ្សែ លើករនាំងដែកចេញ០១ផ្ទាំង) បន្ទាប់មក ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ ឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ។

ក្រោយពីទទួលបណ្តឹងរួច នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចស្រាវជ្រាវ ឈានទៅឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ១, ឈ្មោះ ធា ចាន់ណារ៉ូត ២, ឈ្មោះ សឿន ភា ៣, ឈ្មោះ វិន សុផា ភេទប្រុស នៅចំណុចបន្ទប់ជួល ភូមិសែនសុខ៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ យកមកសាកសួរ។ នៅវេលាម៉ោង ១៥ និង៣០នាទី ជនសង្ស័យទាំងបីនាក់ បានសារភាពថា «កាលពីយប់អាធ្រាត្រថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០១ និង០០នាទី ជនសង្ស័យ ឈ្មោះ ចាន់ណារ៉ូត បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ (ពាក់ស្លាកលេខមិនចាំ) ឌុបឈ្មោះ ជា ភេទប្រុស អាយុប្រហែល២៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ សឿន ភា បើកម៉ូតូម៉ាកសេ១២៥ ស៊េរី២០១៣ ពណ៌ខ្មៅ ឌុបឈ្មោះ វិន សុផា ចេញពីបន្ទប់ជួលស្នាក់នៅរបស់ជនសង្ស័យឈ្មោះ ធា ចាន់ណារ៉ូត ភូមិសែនសុខ៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ គោលបំណង ជូនឈ្មោះ វិន សុផា ត្រឡប់ទៅផ្ទះ នៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ»។

«ពេលធ្វើដំណើរមកដល់ផ្លូវបេតុង ច្រកចូលផ្ទះរបស់ឈ្មោះ វិន សុផា ក៏នាំគ្នាឈប់ម៉ូតូអង្គុយលេង បានបន្តិចក្រោយ ឈ្មោះ ជា ក៏ដើរចេញទៅ ដោយប្រាប់ថា “ទៅទិញបារីជក់”។ បានមួយសន្ទុះក្រោយ ឈ្មោះ ជា ដើរត្រឡប់មកវិញ និយាយប្រាប់ពួកខ្លួនថា “អញលួចយកម៉ូតូម៉ាក ឡេត របស់គេ បានចំនួន០២គ្រឿង ទុកនៅមុខផ្ទះគេ នៅផ្លូវខាងមុខ” ហើយឈ្មោះ ជា បានបបួលពួកខ្លួន ទៅជួយយកម៉ូតូ០២គ្រឿងនោះ»។ «តែពួកខ្លួន បានប្រកែកថា “អត់ទេ ម៉េចហែងធ្វើផ្តេសផ្តាសចឹង” ឈ្មោះ ជា នៅតែបបួលពួកខ្លួនទៀត តែពួកខ្លួន នៅប្រកែកដដែលៗថា “អត់ទៅទេ”។ បានមួយសន្ទុះក្រោយ ឈ្មោះ ជា ក៏ដើរចេញទៅមុន ចំណែកពួកខ្លួនទាំងបីក៏ជិះម៉ូតូ០២គ្រឿងម៉ាកសេ១២៥ ជូនឈ្មោះ វិន សុផា ទៅផ្ទះ»។

«ពេលធ្វើដំណើរតាមផ្លូវទៅមុខ ពួកខ្លួន បានឃើញម៉ូតូ០២គ្រឿងម៉ាកឡេត ពណ៌ស និងពណ៌ក្រហម-ស (ដែលឈ្មោះ ជា បានលួចយក) ទុកនៅចំហៀងមុខផ្ទះ ហើយក៏ឃើញឈ្មោះ ជា ធ្វើសកម្មភាពជិះម៉ូតូ០១គ្រឿងម៉ាកឡេត តាមក្រោយពួកខ្លួន រួចក៏ជិះទៅបាត់ ពុំដឹងទៅទីណាទេ។ ពេលជូនឈ្មោះ វិន សុផា ទៅដល់មុខផ្ទះ ឈ្មោះ វិន សុផា បានហៅអ្នកផ្ទះ ឱ្យបើកទ្វារ តែពុំមានអ្នកបើកទ្វារផ្ទះ ពួកខ្លួនទាំងបីនាក់ ក៏ជិះម៉ូតូ ទៅដេកនៅបន្ទប់ជួលរបស់ឈ្មោះ ធា ចាន់ណារ៉ូត»។

យោងតាមពាក្យបណ្តឹងជនរងគ្រោះ រូបភាពសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាព វត្ថុតាងដកហូតបាន ការឃាត់ខ្លួនជនសង្ស័យ ចម្លើយសារភាពរបស់ជនសង្ស័យ ករណីខាងលើ ពិតជា អំពើលួចប្រាកដមែន។

បច្ចុប្បន្នក្រុមជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ សីហា សែនសុខ


ចែករំលែក៖