ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំ បើកបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យរងការខូចខាត រួចព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ ទាបភ្លឺឈានចូលថ្ងៃទី ១៩ ខែសីហាឆ្នាំ២០២៦ នៅត្រង់ចំណុចគល់ស្ពានអាកាផ្សារដីហុយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតនៅក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរម្នាក់បើករថយន្ត១គ្រឿងពាក់ស្លាកលេខភ្នំពេញ3G-1244 របស់ក្រុមហ៊ុនវីរៈប៊ុនថាំតាមបណ្តោយផ្លូវផ្លូវសហព័ន្ធរុស្សីុ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូតទៅបុកនិងបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យរងការខូចខាត រួចព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ រហូតមកដល់ក្រោមស្ពានអាកាស៥ មករា ទើបបានប្រជាពលរដ្ឋនាំគ្នាឃាត់ជាប់ ចំណែកអ្នកបើកបានឡើងជិះម៉ូតូកង់បីគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ សីហា សែនសុខ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច