ព័ត៌មានទាន់ហេតុការណ៍៖

សម្រេចឃុំខ្លួនហើយ! បុរស​ជើងខ្លាំង ដែលជិះម៉ូតូស្ទាក់រថយន្ត រួចបង្កហិង្សាលើម្ចាស់រថយន្ត ត្រូវបានចៅក្រមសម្រេចចោទប្រកាន់ចំនួន ០៤បទល្មើស​ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន

ចែករំលែក៖

 

ភ្នំពេញ​៖​ ចៅក្រមស៊ើបសួរសាលាដំបូង​រាជធានីភ្នំពេញ​ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦​បានសម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​បុរសជើងខ្លាំង ដែលជិះម៉ូតូស្ទាក់រថយន្ត រួចបង្កហិង្សាលើម្ចាស់រថយន្ត ដោយចោទប្រកាន់ចំនួន ០៤បទល្មើស នៅមណ្ឌលអប់រំកែប្រែទី ១ ( ព្រៃស ) ជាបណ្តោះអាសន្ន។

លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តំណាងអយ្យការបាន បើកការ ស៊ើបសួរ និងសម្រេចធ្វើការ ចោទប្រកាន់បុរសជើងខ្លាំងដែលបង្កលើម្ចាស់រថយន្ដ ដោយច្រឡំស្មានថា «បើកបុកម៉ូតូមិត្តភក្តិបណ្តាលអោយបាត់បង់ជីវិត» លើបទចោទ ចំនួន៤បទល្មើស រួមមានបទហិង្សា ដោយចេតនា , បទគំរាមកំហែង, បទជេរប្រមាថជាសាធារណៈ និង បទធ្វើអោយខូចខាត ដោយចេតនាតាមមាត្រា ២១៧មាត្រា ២៣១មាត្រា៣០៧ និង មាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បុកគ្នាពេញទំហឹង បណ្តាលឱ្យ មនុស្សម្នាក់ស្លាប់ និង ០២នាក់ទៀត រងរបួសធ្ងន់។ បន្ទាប់ពីមានករណីនេះកើតឡើង ក៏ស្រាប់តែមានបុរសម្នាក់ជិះម៉ូតូ Honda PCX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1MN -1070 កំពុងជិះម៉ូតូតាមផ្លូវ បានឮគេស្រែកថា ម្ចាស់រថយន្តម៉ាក Aion ពណ៍ស បើកបុករត់ ។ 

ភ្លាមៗ បុរសខាងលើ បានជិះម៉ូតូខាងលើទៅស្ទាក់ឃាត់រថយន្ត រួចអូសអ្នកបើករថយន្ត ចេញមកក្រៅរួចបង្កហិង្សា វាយបណ្តាលអោយម្ចាស់រថយន្ត រងរបួសឈាមមាត់ បង្កភ្ញាក់ផ្អើលតែម្តង៕ដោយ​៖តារា

​


ចែករំលែក៖