ខេត្តកំពត ៖ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យ៨នាក់ទៅសាលដំបូងក្រោមបទធ្វើឲ្យខូច ខាតដោយចេតនាមានស្ថានទម្ងន់ទោស ដើម្បីចាត់ការតាមនីតិវិធីពាក់ព័ន្ធនឹងករណីកាប់រំលំដើមត្នោត៧ដើមមានអាយុកាល១៧០ឆ្នាំ ស្ថិតក្នុងស្រុកកំពង់ត្រាច។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ថា កម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ៨នាក់ដែលជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីទូកមាស ទៅតុលាការខេត្ត បន្ទាប់ពីសាកសួរ និងកសាងសំណុំរឿងរួចរាល់ ក្រោមបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
ជនសង្ស័យទាំងនេះជាប់ពាក់ព័ន្ធនឹងករណីកាប់រំលំដើមត្នោតចំនួន៧ដើមស្ថិតក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦កន្លងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំងនោះ រួមមាន ១-ឈ្មោះ ប៉ុល ចំរុង ភេទប្រុស អាយុ ៤២ឆ្នាំ, ២-ឈ្មោះ ព្រហ្ម ចាន់ថវិកា ភេទប្រុស អាយុ ៣២ឆ្នាំ, ៣-ឈ្មោះ គី វាសនា ភេទប្រុស អាយុ ៣៩ឆ្នាំ, ៤-ឈ្មោះ ជឹម រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ, ៥-ឈ្មោះ ជិន ចំណាប់ ភេទប្រុស អាយុ ៣៣ឆ្នាំ, ៦-ឈ្មោះ រ៉េត ចិន ភេទប្រុស អាយុ ២៩ឆ្នាំ, ៧-ឈ្មោះ ខៀវ សុណា ភេទប្រុស អាយុ ៤៥ឆ្នាំ និង៨-ឈ្មោះ នឹម ណាក់ ភេទប្រុស អាយុ ២៧ឆ្នាំ។ ការសម្រចយ៉ាងណាមិនទាន់ដឹងនៅឡើយ ដោយពេញមួយថ្ងៃទី២៣ ខែសីហានេះ តំណាងអយ្យការបាន និងកំពុងដំណើរការសាកសួរ។
សូមរម្លឹកថា កាលពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៦ បុគ្គលិកក្រុមហ៊ុនអគ្គិសនីទូកមាសបានកាប់រំលំដើមត្នោតអមសងខាងផ្លូវចូលវត្តអង្គជុំព្រៃទប់ ក្នុងភូមិព្រៃទប់ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ដែលមានអាយុកាលជាង១០០ឆ្នាំអស់ចំនួន៧ដើម បន្ទាប់ពីទូលព្រះសង្ឃ១អង្គថា សុំលះមែកឈើដើម្បីរាយខ្សែភ្លើង។ ឃើញបែបនោះ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងគណៈកម្មការវត្តបានសំណូមពរលោកមេឃុំឲ្យជួយអន្តរាគមន៍ ប៉ុន្តែការសម្របសម្រួលលើកដំបូងមិនទទួលបានលទ្ធផលទេ ដោយតំណាងក្រុមហ៊ុនដែលចូលរួមដោះស្រាយពុំទទួលខុសត្រូវ។ លុះពេលជួបដោះស្រាយលើកទី២ នារសៀលថ្ងៃទី២០ ខែសីហា ក៏នៅតែបដិសេធ ដោយអះអាងថា ក្រុមហ៊ុនមានច្បាប់អនុញ្ញាតពីរារដ្ឋាភិបាល និងគ្មានគោលការណ៍អ្វីពាក់ព័ន្ធសំណងទេ ហើយថែមទាំងប្រើអាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យក្នុងពេលសម្របសម្រួលទៀតផង។
ផ្តោតលើសកម្មភាពទាំងនោះ ដោយមានបទបញ្ជាពីថ្នាក់ដឹកនាំខេត្ត កម្លាំងនគរបាលស្រុកកំពង់ត្រាចក៏សម្រេចចុះទៅនាំខ្លួនបុគ្គលិកក្រុមហ៊ុនអគ្គិសនីទូកមាស៣នាក់យកមកអធិការដ្ឋានតែម្តង។ តាមរយៈការសួរនាំ សមត្ថកិច្ចក៏ឈានទៅឃាត់ខ្លួនជនសង្ស័យ៥នាក់បន្តបន្ទាប់បន្ថែមទៀត រួចកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីដំណើរការបន្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច