ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានដកកាំភ្លើងខ្លីបាញ់អនុប្រធានស្លាប់ក្នុងថ្លុកឈាមបន្ទាប់ពីមានជម្លោះពេលយប់

ចែករំលែក៖

ខេត្តកំពង់ចាម ៖ មន្ត្រីយោធាម្នាក់មានឋានៈជាប្រធាន «គ២» បានដកកាំភ្លើងខ្លីម៉ាកកា៥៩បាញ់អនុប្រធានរបស់ខ្លួន១គ្រាប់ ចំបំពង់កបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីមានជម្លោះពាក្យសម្តីគ្នា។ ករណី មេបាញ់សម្លាប់កូនចៅនេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៦ ក្នុងបន្ទាយទាហានកង អនុសេនាធំលេខ២ មានទីតាំងនៅភូមិអូរ តាសេក ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ ចាម។

មន្ត្រីកងរាជអាវុធហត្ថស្រុកស្ទឹងត្រង់បានឲ្យដឹងថា មន្ត្រីយោធាដែលបាញ់សម្លាប់ កូនចៅឈ្មោះ ឡុត ឈុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាប្រធាន «គ២» មានឋានន្តរស័ក្តិ អនុសេនីយ៍ទោ រីឯជនរងគ្រោះត្រូវជនដៃដល់បាញ់ស្លាប់ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ៥០ឆ្នាំ ជាអនុប្រធាន «គ២» មានទីលំ នៅភូមិសំរោង ឃុំអូរម្លូ ស្រុកស្ទឹងត្រង់។

មន្ត្រីកងរាជអាវុធហត្ថម្នាក់បានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុប្រធាន «គ២» ដែលជាជនសង្ស័យកំពុងនៅក្នុងអង្គភាព ហើយបានទូរស័ព្ទហៅជនរងគ្រោះឲ្យមកយាមប្រចាំការកន្លែង គ្រានោះគេបានឮ សំឡេងជនដៃដល់ឈ្លោះប្រកែកគ្នាទៅវិញ ទៅមកតាមទូរស័ព្ទ។ ក្រោយពីឈ្លោះគ្នាតាមទូរស័ព្ទរួចអនុប្រធាន «គ២» បានជិះម៉ូតូមកកាន់កងអនុសេនាធំលេខ២។ ខណៈមកដល់កន្លែងហើយ អនុប្រធាន «គ២» បានជេរប្រមាទជនដៃដល់នូវពាក្យអសុរស។ ពេលនោះស្រាប់តែជនដៃដល់ចេញមកក្រៅបានប្រតាយប្រតប់ជាមួយ ជនរងគ្រោះ។ បន្តិចក្រោយមកស្រាប់តែ ឮសំឡេងផ្ទះអាវុធតែម្តង ហើយគេឃើញ ជនរងគ្រោះដួលស្លាប់ក្នុងថ្លុកឈាមយ៉ាង អាណោចអាធ័មតែម្តង។

មន្ត្រីកងរាជអាវុធហត្ថបញ្ជាក់ថា ក្រោយ ពីបាញ់ជនរងគ្រោះស្លាប់ហើយជនបង្កបាន ទាញម៉ូតូជិះចេញមកក្រៅទៅកាន់បន្ទាយធំដែលស្ថិតនៅខាងក្រោយស្រែវាលជាមួយ មន្ត្រីរបស់ខ្លួនម្នាក់ទៀត។

មន្ត្រីកងរាជអាវុធហត្ថបានបន្ថែមថា ចំពោះមូលហេតុដែលបណ្តាលឲ្យមាន ករណីមេបាញ់កូនចៅនេះកើតឡើងដោយសារតែជម្លោះពាក្យសម្តីគ្នា ហើយគេសង្ស័យ ជនដៃដល់ និងជនរងគ្រោះធ្លាប់មានគំនុំ នឹងគ្នាពីមុនមកផង។

បច្ចុប្បន្នជនដៃដល់ត្រូវបានចាប់ខ្លួន បញ្ជួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរចាត់ការបន្តតាមនីតិវិធី៕ វណ្ណៈ

a cs


ចែករំលែក៖