ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បានអនុញ្ញាតឱ្យ គណៈប្រតិភូនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយលោកប្រធាន ហ៊ុន ម៉ានី និងសហការីចូលជួបសម្តែងការ គួរសម និងរាយការណ៍ពីវឌ្ឍនភាពការងារ និងស្នើសុំអនុសាសន៍ណែនាំដើម្បីរួម ចំណែកអភិវឌ្ឍវិស័យទេសចណ៍កម្ពុជា ។
ក្នុងជំនួបពិភាក្សាការងារនេះលោករដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានរួមចំណែកអភិវឌ្ឍទេសចរណ៍កម្ពុជាកន្លងមក និងបានជម្រាបជូនពីសារសំខាន់នៃវិស័យទេស ចរណ៍ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិដែលទាមទារនូវការគាំទ្រ និងចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ពិសេសពីយុវជន និងជាទិសដៅ បន្តលោករដ្ឋមន្រ្តីបានលើកនូវចំណុចជាយុទ្ធសាស្រ្តសំខាន់ៗមួយចំនួនដូចជា ៖
ទី១-ជាចក្ខុវិស័យអភិវឌ្ឍកម្ពុជាជា គោលដៅទេសចរណ៍ស្អាត និងបៃតងតាមរយៈការដាក់ចេញនូវចលនាប្រលងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ក្នុងនោះចលនាប្រលងប្រណាំងទីក្រុងស្អាត ចលនាប្រលងប្រណាំង ឆ្នេរស្អាត ចលនាប្រលងប្រណាំងទីក្រុងទេសចរណ៍ស្អាត អាស៊ាននៅឆ្នាំ២០១៨ ខាងមុខ ដោយសំណូមពរឲ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់យុវជននិងសូមឲ្យយុវជនបន្តជួយបន្ថែមទៀតរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ ។
ទី២-សារសំខាន់នៃជំនាញវិជ្ជាជីវៈទេស ចរណ៍ ។ ដើម្បីលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ក្រសួងទេសចរណ៍ ក៏បាន ដាក់ចេញនូវយុទ្ធនាការ សេវាមួយ ស្តង់ដារ មួយ (One service, one standard) , បុគ្គលិកម្នាក់ ជំនាញមួយ (One person, one skill) សំដៅជំរុញឲ្យយុវជនស្រឡាញ់មុខជំនាញវិជ្ជាជីវៈទេសចរណ៍ ហើយក៏បានរៀបចំឲ្យមានជាផែនការតម្រង់ទិសវិជ្ជាជីវៈទេសចរណ៍សម្រាប់យុវជនកម្ពុជារួចហើយ ។
ក្នុងន័យនេះ សូមស្នើស.ស.យ.ក.មេត្តា ជួយចូលរួមផ្សព្វផ្សាយអំពីផែនការតម្រង់ទិសនៃវិជ្ជាជីវៈ ដើម្បីឲ្យយុវជនចូលរួមចាប់យកជំនាញវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ដែលកម្ពុជាយើងនឹងមានតម្រូវការយ៉ាងច្រើននាពេលខាងមុខ ។
ទី៣សារសំខាន់នៃវិស័យកីឡាដែល យុវជនមានតួនាទីក្នុងការចូលរួមយ៉ាង សកម្មដើម្បីឆ្ពោះទៅការរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាSEA Games 2023 ។ ព្រឹត្តិការណ៏កីឡា គឺជាព្រឹត្តិការណ៍ទេស ចរណ៍ដែលរួមចំណែកផ្សព្វផ្សាយកម្ពុជា និងជាផលិតផលទេសចរណ៍មួយដែលអាចរកចំណូលជូនជាតិបានយ៉ាងច្រើនផងដែរ ។
ក្នុងនាមក្រសួងទេសចរណ៍លោករដ្ឋមន្រ្តី ក៏បានឯកភាពនិងសំណូមពររបស់លោក ប្រធានស.ស.យ.ក.និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការចូលរួមសហការជាមួយស.ស.យ.ក.និងគ្រប់ភាគីពាក់ព័ន្ធឆ្ពោះទៅការរៀបចំអង្គរសង្រ្កាន្តឆ្នាំ២០១៧ និង គ្រប់វេទិកាទេសចរណ៍នានា ពិសេសវេទិកាជាតិស្តីពីការគ្រប់គ្រងឆ្នេរសមុទ្រនាពេលខាងមុខ ។
ជាចុងក្រោយលោករដ្ឋមន្រ្តី ក៏បានស្នើ សុំឲ្យលោកប្រធានស.ស.យ.ក.ជំរុញចលនាយុវជន ចូលរួមក្នុងពិធីបិទកីឡាជាតិលើកទី១ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកាឲ្យបាន ច្រើនកុះករ ៕ ហេង សូរិយា