ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅស្រុកអង្គស្នួល

ចែករំលែក៖

ខេត្ដកណ្ដាល៖ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ០០ និង២០នាទីភូមិត្រពាំងអណ្ដែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាលមានករណីហិង្សាយកកាំបិតផ្គាក់កាប់ផុងលលាដ៏ក្បាល នឹងជក់គ្រឿងញៀននៅបណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់។

ជនរងគ្រោះ០១នាក់ឈ្មោះ ប៉ិច សារី ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករោងចក្រ ស្នាក់នៅភូមិជោទ្រាជ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ជនសង្ស័យ០៦នាក់ មានឈ្មោះ ជឿន រស្មី ហៅមុី ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃាត់ខ្លួន មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ)និងមានបក្ខពួក ០៥នាក់(មិនស្គាល់អត្តសញ្ញាណ)។

ប្រភពពីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូចេញពីធ្វើការរោងចក្រហើយបានចូលទៅលេងផ្ទះម្ដាយរបស់ខ្លួនភូមិអង្គរមាស ឃុំម្កាក់ ស្រុកអង្គស្នួល។ ពេលទៅដល់ ជនរងគ្រោះបានជួបជជែកគ្នាលេងជាមួយម្ដាយនិងបងប្អូន។ ក្រោយនិយាយគ្នាបានមួយសន្ទុះជនរងគ្រោះបានបបួលប្អូន ប្រុសរបស់ខ្លួនផឹកស្រា។ បន្ទាប់ពីផឹកស្រាអស់២លីត្រ ជនរងគ្រោះបានឡើងជិះម៉ូតូរបស់ខ្លួនសំដៅទៅផ្ទះវិញ។

ពេលកំពុងជិះមកដល់ចំណុចកើតហេតុ ជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូមកពីក្រោយ ហើយវ៉ាជែងហួសទៅមុខម៉ូតូជនរងគ្រោះបានប្រហែល០៥ម៉ែត្រ ក៏បានបត់ត្រឡប់មកក្រោយវិញ ហើយបានកាក់ម៉ូតូជនរង គ្រោះ នាំគ្នាចុះពីលើម៉ូតូរបស់ខ្លួនធ្វើសកម្មភាពកាប់ទៅលើក្បាលជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ រួចបក្ខពួកជនសង្ស័យបម្រុងហ្នឹងលើម៉ូតូរបស់ជនរងគ្រោះ (យកម៉ូតូមិនបាន) តែត្រូវបានជនរងគ្រោះថា “ចោរៗ ចោរប្លន់ម៉ូតូខ្ញុំហើយ ” ភ្លាមនោះមានប្រជាពលរដ្ឋផ្អើល ឆោឡោ ពេលនោះជនសង្ស័យ និងបក្ខពួកបានជិះម៉ូតូគេចខ្លួនទៅទិសខាងលិចសំដៅទៅផ្លូវជាតិលេខ៥១ បាត់ទៅ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ បានចុះទៅដល់កន្លែងកើតហេតុ និងបានយកជនរងគ្រោះទៅមណ្ឌលសុខភាពឃុំម្កាក់ ប៉ុន្ដែដោយអាការៈជនរងគ្រោះមានសភាពធ្ងន់ពេក ទើបក្រុមគ្រូពេទ្យបានបញ្ជូនជនរងគ្រោះបន្តទៅមន្ទីពេទ្យតេជោសន្ដិភាព រាជធានីភ្នំពេញ។ លុះរហូតដល់វេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃខែឆ្នាំដដែល កម្លាំងផ្នែកជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលម្កាក់ បានទៅដល់មន្ទីពេទ្យតេជោសន្តិភាព ដើម្បីសួរនាំ និងទទួលបណ្ដឹងរបស់ជនរងគ្រោះតាមនីតិវិធី។

លុះដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១២ និង៣០នាទី ដោយមានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីឯកឧត្ដម គុជ គីមឡុង ព្រះរាជអាជ្ញា នៃអយ្យការអបសាលាដំបូងខេត្តកណ្ដាល ដឹកនាំដោយលោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុក កម្លាំងផ្នែកជំនាញនគរបាលស្រុក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលចាន់តាសែន នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានធ្វើការស្រាវ ជ្រាវកំណត់មុខសញ្ញាជនសង្ស័យឈ្មោះ ជឿន រស្មី ហៅមុី រួមទាំងវត្ថុតាងនៅភូមិព្រៃទាន់ ឃុំចាន់តាសែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ក្រោយពីធ្វើការត្រួតពិនិត្យឆែកឆេររួចបានប្រមូលវត្ថុតាងនាំខ្លួនជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំបន្ដតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ខ្លួនបានឆ្លើយសារភាពថា ខ្លួនធ្លាប់ជាប់ពន្ធនាគារ០១លើកមកហើយ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ជាប់ ពន្ធនាគារខេត្តពោធិ៍សាត់ រយៈពេល០៣ឆ្នាំ នៅក្នុងឆ្នាំ ២០២២ ដល់ឆ្នាំ២០២៦។ ហើយបន្តសារភាពទៀតថាខ្លួន ចេះប្រើប្រាស់ថ្នាំញឿនរយៈពេល០៧ឆ្នាំហើយ ។

ចំពោះករណីនេះកម្លាំងផ្នែកជំនាញនិងប៉ុស្ដិ៍កំពុងកសាងសំណុំរឿងតាមនីតិវិធី ៕

ដោយ៖ សូរិយា


ចែករំលែក៖