ភ្នំពេញះ នារីក្រមុំចាស់ម្នាក់ មានអាយុ២៩ឆ្នាំ បានចាញ់បោកល្បិចកល់ បុរសអាយុ៤២ឆ្នាំ ម្នាក់ដោយអះអាងថាគេជាពោះម៉ាយកូនពីរ បានលួងលោមស្រលាញ់នាងយកធ្វើជាគូអនាគត ធ្វើឲ្យនាងលង់ស្នេហ៍រហូតប្រគល់ប្រាណ លុយកាក់ រួមនឹងទូរស័ព្ទដៃមួយគ្រឿងទៅឲ្យបុរសនោះទៀតផង ។ ប៉ុន្តែអ្វីដែលនាងឈឺចាប់ហើយនិយាយមិនចេញនោះ គឺបុរសនេះ បានទាំងកាយ និងទ្រព្យហើយនោះ បែរជាបោះបង់នាងចោល រួចគេចខ្លួនបាត់ ព្រមទាំងជេរ ត្មេះតេះដៀលនូវពាក្យអសុរោះជាច្រើទៀតផង ។
នាងក្រមុំចាស់រូបនេះឈ្មោះ ហ៊ុន សោភ័ណ្ឌ អាយុ ២៩ឆ្នាំ ជាបុគ្គលិកអនាម័យក្រុមហ៊ុន ឯកជនមួយ សព្វថ្ងៃស្នាក់នៅភូមិព្រៃសាលា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រីឯ ប្រុសព្រានដែលបោកកាយនិងលុយកាក់ជាច្រើននោះឈ្មោះ លីន អាយុ៤២ឆ្នាំ ជាចុងភៅនៅ ភោជនីយដ្ឋានមួយជិតវិទ្យាល័យ ជាស៊ីម សន្ធរម៉ុក និងជាជាងកាត់សក់នៅជិតសាលាទួល គោកផងដែរ ។
នាង ហ៊ុន សោភ័ណ្ឌ បានរៀបរាប់ប្រាប់ភ្នាក់ងារ កាសែតនគរវត្តឲ្យដឹងថា រវាងរូបនាង និងបុរសឈ្មោះ លីន បានស្គាល់គ្នាតាមរយៈច្រឡំលេខទូរស័ព្ទតាំងពីក្រោយបុណ្យភ្ជុំបិណ្ឌ ឆ្នាំនេះរួចមកម្ល៉េះ ។ ក្រោយមកឈ្មោះ លីន បានប្រលោមលួងលោមសុំស្នហ៍ពីនាង ដោយនិយាយថារូបគេពោះម៉ាយកូនពីរនាក់ បានលែងលះជាមួយប្រពន្ធដើមយូរឆ្នាំមកហើយ ។ ដោយសារលង់នឹងសំដីផ្អែមរបស់បុរសនេះ ធ្វើឲ្យនាងបាក់ចិត្តហ៊ានប្រគល់ព្រហ្មចារីក្រមុំចាស់បរិសុទ្ធទៅឲ្យបុរសនេះ និងបានឲ្យលុយកាក់អស់ជាច្រើន ព្រមទាំងទូរស័ព្ទដៃទំនើបមួយគ្រឿងទៅឲ្យបុរសនេះប្រើប្រាស់តាមចិត្តដោយសុខចិត្តអត់ប្រើខ្លួនឯងទៀតផង ។
ហ៊ុន សោភ័ណ្ឌ បានបន្តទាំងទឹកមុខក្រៀមក្រំទៀតថា លុះរយៈពេលជាងកន្លះខែ នេះ ទើបនាងដឹងថា បុរសនេះមិនទាន់លែងប្រពន្ធដើមដាច់ទេ ហើយបានទៅរស់នៅជាមួយប្រពន្ធកូនជាធម្មតា ។ មិនតែប៉ុណ្ណោះថែមទាំងបោកប្រាស់ចិត្តនាង និងយកទូរស័ព្ទមួយគ្រឿងទៅបាត់ដោយនិយាយថា ខ្ចីយកទៅស្តាប់ចម្រៀងតែ២ថ្ងៃទេ នឹងឲ្យវិញហើយ ។ ប៉ុន្តែមកដល់ពេលនេះមានរយៈពេលជាងកន្លះខែហើយមិនឃើញបុរសនេះយកទូរស័ព្ទមកប្រគល់ឲ្យ នាងវិញទេ ហើយពេលនាងទូរសព័្ទទាមទារម្តងៗ បែរជាជេរបញ្ចោរនាងនូវពាក្យអសុរោះ មាក់ ងាយនាងជាស្រី្តភេទទន់ខ្សោយដែលមិនអាចទទួលយកបានឡើយ ។ ជាមួយនេះដែរថែមទាំងបានគេចវេសមិនទទួលខុសត្រូវចំពោះសំណងដែលបុរសនេះបោកប្រាស់នាងទាំងប៉ុន្មានរហូតបិទទូរស័ព្ទទាក់ទងលែងបានទៀតផង ។
នៅចុងបញ្ចប់ ហ៊ុន សោភណ្ឌ បានទាមទារឲ្យបុរសព្រានឈ្មោះ លីន ត្រូវតែចេញមុខ មកដោះស្រាយបំណុល និងត្រូវប្រឈមមុខនឹងច្បាប់ជាមួយទង្វើអាក្រក់របស់ខ្លួនដែលជេរប្រមាថមកលើនាងជាស្រី្តទន់ខ្សោយនិងគ្មានសិលធម៌ជាមនុស្សប្រុស ទោះបីខំគេចមុខ ឬ បិទ ទូរស័ព្ទក៏ដោយក៏មិនគេចផុតដែរ ។
ដោយឡែក នាង ហ៊ុនសោភណ្ឌ ក៏បានអំពាវដល់នារីទាំងឡាយ ជាពិសេសក្រមុំចាស់ ដូចនាង កុំប្រញាប់ប្រញាល់និងទុកចិត្តទទួលយកស្នេហ៍ពីបុរសសម្តីផ្អែមឲ្យសោះ នាំឲ្យខូចទាំងប្រាណ បង់ទាំងទ្រព្យអត់ប្រយោជន៍ដូចរូបនាងជាដើម ។
ទាក់ទិននឹងការរៀបរាប់របស់នាង ហ៊ុន សោភណ្ឌ ខាងលើនេះដែរភ្នាក់ងារកាសែតនគរវត្តបានព្យាយាមទូរស័ព្ទទៅកាន់លោក លីន ដើម្បីសុំការបកស្រាយដែរ តែទូរស័ព្ទមិនចូល ៕ ប្រាថ្នា