ខេត្តតាកែវ៖ ប្រជាពលរដ្ឋទូទាំងឃុំតាំងយ៉ាបរាប់រយគ្រួសារបានផ្ទុះការតវ៉ារឿង ប្រធានការិយាល័យធម្មការ និងអនុគណ ស្រុកព្រៃកប្បាសលួចចាប់ព្រះសង្ឃផ្សឹកស្ងាត់ៗដោយគ្មានហេតុផល ។ ព្រះសង្ឃ ត្រូវចាប់ផ្សឹកនោះមាន ព្រះនាម ឡុង សុខលី ព្រះជន្ម២៥ឆ្នាំបានបួសរៀននៅវត្ត១២ឆ្នាំ មកហើយនិងមានស្នាដៃកសាងវត្តភ្នំចចកច្រើនសន្ធឹកសន្ធាប់ ។
ហេតុការណ៍តវ៉ានេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅ វត្តភ្នំចចក ក្នុងឃុំតាំងយ៉ាប ស្រុកព្រៃ កប្បាស ខេត្តតាកែវ ។
តាមព្រះសង្ឃនាម ឡុង សុខលី បានមាន សង្ឃដីកាឲ្យដឹងថា លោកមិនបានដឹង ខ្លួនថា មានកំហុសអ្វីនោះទេ ស្រាប់តែនៅ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ អនុគណស្រុកព្រៃកប្បាសនិងប្រធានការិយាល័ធម្មការនិងសាសនាបានទូរស័ព្ទមកលោកឲ្យ និមន្តទៅជួប ហើយពេលលោកទៅជួបស្រាប់តែគេនាំគ្នាចាប់ផ្សឹកតែម្តង ។
យោងតាមសម្តីប្រជាពលរដ្ឋដែលនាំគ្នាតវ៉ាបានឲ្យដឹងថា ពួកគាត់តវ៉ាឲ្យលោកសង្ឃខាងលើបួសវិញ និងគង់នៅវត្តភ្នំចចកនេះបន្តទៀតដើម្បីបានកសាងវត្តបន្ថែម ហើយពួកគាត់ស្នើសុំឲ្យអនុគណ និងប្រធានការិយាល័យធម្មការនិងសាសនាស្រុកព្រៃកប្បាសចេញមុខមកបកស្រាយរឿងលួចចាប់ព្រះសង្ឃផ្សឹកដោយស្ងាត់ៗនេះកើតមកពីមូលហេតុអ្វី?
ជុំវិញករណីខាងលើ លោក ហ៊យ សំអឿន ប្រធានការិយាល័យធម្មការនិង សាសនា ស្រុកព្រៃកប្បាស បានឲ្យដឹងថាការផ្សឹកព្រះសង្ឃខាងលើគឺពិតជាមានការលួចលាក់មែនតែដោយយោងតាមបណ្តឹងរបស់ព្រះសង្ឃក្នុងវត្តខាងលើ ហើយបើ ពលរដ្ឋតវ៉ាសុំមកជួបដោយផ្ទាល់ទៅ ៕ ជីសូរកា