ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនអ្នកទារប្រាក់តាមហ្វេសបុកចោទពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ បុគ្គលិកទីផ្សារបស់ររោងចក្រស៊ីម៉ង់ចក្រីទីង ម្នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញចាប់ខ្លួន និងបញ្ជូនមកតុលាការ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបទល្មើស ប្រើលិខិតក្លែង និងគំរាមកំហែងហែកកេរ្តិ៍តាមហ្វេសបុក ។

នគរបាលព្រហ្មទណ្ឌបានអោយដឹងថា ជនសង្ស័យនឹងត្រូវបញ្ជូនមកកាន់សាលាដំបូងនៅរសៀលថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ ២០១៦នេះ ។ ប្រភពបន្តអោយដឹងថាយុវជនដែលត្រូវចាប់ខ្លួនឈ្មោះ វ៉ាន់ លីឈិន អាយុ ២៤ឆ្នាំ ជាបុគ្គលិកទីផ្សាររបស់ក្រុមហ៊ុន សុវណ្ណបានសុខ ហេង សុីម៉ង់ មានលំនៅស្ថានផ្ទះលេខ ៨៩D ផ្លូវលេខ ២១៧ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ វ៉ាន់ លីឈិន កន្លងមកធ្លាប់បានប្រើវិធីសាស្ត្របែបនេះដើម្បីទារលុយអតិថិជនជាច្រើននាក់បានសម្រេចជាច្រើនលើក ប៉ុន្តែទើបតែអស់លក្ខនៅគ្រាដែលរូបគេបានធ្វើសកម្មភាពដដែលនេះជាមួយក្រុមហ៊ុន ណឹម ម៉េង ដែលគេយល់ច្បាប់ និងធ្វើការងារច្បាស់លាស់។

ដើមហេតុដែលធ្វើអោយមានការចាប់ខ្លួនឈ្មោះ វ៉ាន់ លីហេង គឺកាលពីអំឡុងខែមិថុនា ឆ្នាំ ២០១៦ ឈ្មោះ វ៉ាន់ លីហេង បានយកវិក្កយបត្រថតចំលងចំនួន៣សន្លឹកមកទារប្រាក់ថ្លៃសុីម៉ង់របស់ក្រុមហ៊ុនសុីម៉ង់កម្ពុជាចក្រីទីង ពីក្រុមហ៊ុន ណឹម ម៉េង ដោយបានអះអាងថាក្រុមហ៊ុន ណឹម ម៉េងនៅជំពាក់ប្រាក់ចំនួន ៧,១៧៣ ដុល្លារ។នៅពេលនោះខាងគណនេយ្យរបស់ក្រុមហ៊ុន ណឹម ម៉េងបានទាមទារអោយឈ្មោះ វ៉ាន់ លីឈិន យកវិក្កយបត្រច្បាប់ដើមមកបង្ហាញទើបអាចធ្វើការជាមួយគ្នាបាន ដោយហេតុថាក្រុមហ៊ុន ណឹម ម៉េង ទើបតែទូទាត់ថ្លៃស៊ីម៉ង់ត៍អោយក្រុមហ៊ុនរោងចក្រីទីងចំនួន ៩,៦៦២ដុល្លារ តាមមូលប្បទានប័ត្រលេខ១៩៣០៧៨ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦របស់ធនាគារភ្នំពេញពាណិជ្ជ ។ ប៉ុន្តែឈ្មោះ វ៉ាន់ លីឈិន នៅតែព្យាយាមយកវិក្កយបត្រថតចំលងមកទារប្រាក់ និងទូរស័ព្ទមកច្រើនដងដោយបានគំរាមថា ប្រសិនបើមិនព្រមប្រគល់ប្រាក់តាមការទាមទារខ្លួនទេនោះ រូបគេនឹងបង្ហោះហ្វេសប៊ុកផ្ទាល់ខ្លួន និងឱ្យមិត្តភក្តិទាំងអស់ជួយបង្ហោះហ្វេសប៊ុក Tag និងShare ដាក់ចូល ទំព័រហ្វេសប៊ុកសម្តេចតេជោ ។

ក្រោយមក នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ឈ្មោះ វ៉ាន់ លីឈិន បានបង្ហោះសារជាអក្សរ និងវីដេអូតាមរយៈគណនីឈ្មោះ Ly chhEn នៅលើបណ្ដាញសង្គមហ្វេសបុកដោយបរិហាកេរ្តិ៍លោកឧកញ៉ា ណឹម ម៉េង ព្រមទាំងដាក់លេខទូរស័ព្ទ និងនាមប័ណ្ណក្រុមហ៊ុន ណឹម ម៉េង ថែមទៀតផង។

ដោយសារមានអំពើល្មើសនេះកើតឡើងទើបក្រុមហ៊ុន ណឺម ម៉េង បានប្រគល់សិទ្ធអោយលោកមេធាវី លឹម វណ្ណា ប្ដឹងឈ្មោះ វ៉ាន់ លីហេង តាមផ្លូវច្បាប់ ព្រោះទង្វើរបស់ឈ្មោះ វ៉ាន់ លីហេងមានចេតនាទុច្ចរិត គំរាមកំហែង ទារប្រាក់ ទំលាក់កំហុស ធ្វើអោយប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះយ៉ាងធ្ងន់ ។

ប្រភពព័តមានបានបន្តឱ្យដឹងថា នៅក្នុងពាក្យបណ្ដឹងរបស់លោកមេធាវី លឹម វណ្ណា មេធាវីតំណាងរបស់ក្រុមហ៊ុន ណឹម ម៉េង បានទាមទារជំងឺចិត្តជាប្រាក់ចំនួន១០មុឺនដុល្លារ និងសុំអោយតុលាការចាត់ការតាមផ្លូវច្បាប់៕ ស ដារ៉ា

img_3284 img_3282 img_3283


ចែករំលែក៖