ភ្នំពេញ៖ នៅវិមានសន្តិភាពល្ងាចថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោក Nikolay Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី និងលោក រ៉ាស់ស្ទុម មីនីកខាណៅ (Rustam Minnikhanov) ប្រធានរដ្ឋកាតាកស្តែន (Tatarstan) នៃសហព័ន្ធរុស្ស៊ីចូលជួបសំដែងការគួរសម និងពិភាក្សាការងារឱកាសវិនិយោគនៅកម្ពុជា។
លោក Nikolay និងRustam Minnikhanov បានដឹកនាំប្រតិភូក្រុមហ៊ុនធំៗមួយចំនួនមកពីប្រទេសរុស្ស៊ី ដូចជាក្រុមហ៊ុនតាត់ណេស ដែលជាក្រុមហ៊ុនតេឡេខមធំ, ក្រុមហ៊ុនកាសាន់ហ៊ីលីខុបធ័រ (ក្រុមហ៊ុនផលិតឧទ្ឋម្ភាគចក្រ) ក្រុមហ៊ុនរថយន្តកាម៉ាស់,និងអ្នកវិនិយោគគិនជាច្រើនទៀតមកជួបពិភាក្សាការងារជាមួយសម្តេចតេជោ។
ជំនួបពិភាក្សាការងារថ្ងៃនេះ គឺបានពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការបានកាន់តែប្រសើរខ្លាំងឡើងថែមទៀតរវាងកម្ពុជា និងរុស្ស៊ី។ ទន្ទឹមនឹងនេះ មន្រ្តីរុស្ស៊ីក៏បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនរបស់កម្ពុជាផងដែរនៅក្នុងទិសដៅជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណចំពោះទស្សនៈកិច្ចរបស់ប្រតិភូរុស្ស៊ីនៅកម្ពុជា។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រទេសទាំងពីរកំពុងបោះជំហានទៅមុខ។ សម្តេចតេជោ ចាត់ទុកសហព័ន្ធរុស្ស៊ីជាមិត្តចាស់តាំងពីទសវត្ស៥០មកម៉្លេះ។ ប្រទេសរុស្ស៊ី បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមជួយកសាងកម្ពុជា។ មានសមិទ្ធផលជាច្រើនដែលជាជំនួយរបស់រុស្ស៊ីដូចជាផ្លូវថ្នល់ សាលាតិចណូ និងមន្ទីរពេទ្យរុស្សីជាដើម។
សម្តេចតេជោ ស្វាគមន៍ចំពោះវត្តមានរបស់បណ្តាក្រុមហ៊ុនធំៗដែលមកជាមួយគណៈប្រតិភូ និងបានឯកភាពខិតខំបន្តពង្រឹងទំនាក់ទំនងទ្វេភាគីទាំងកំរិតនយោបាយ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
កន្លងទៅថ្មីៗនេះ ក្នុងពេលដែល សម្តេចតេជោ បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ី ក៏មានការចុះកិច្ចព្រមព្រៀងមួយចំនួនអំពីកិច្ចសហការ និងការងារវិនិយោគរវាងប្រទេសទាំងពីរ ។
សម្តេចតេជោនាយករដ្ឋមន្រ្តី សង្ឃឹមជឿជាក់ថា ពាណិជ្ជករ និងអ្នកវិនិយោគគិនរុស្ស៊ីនឹងអញ្ជើញមកធ្វើទស្សនៈកិច្ចជាថ្មីទៀតនៅកម្ពុជាដើម្បីរកមើលឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា៕
[fbvideo link=”https://www.facebook.com/hunsencambodia/videos/1141168509264978/” width=”600″ height=”400″ onlyvideo=”1″]