ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល និងយោធាការពារព្រំដែនខេត្តប៉ៃលិនបង្រ្កាបឈើប្រណីតនាំឆ្លងដែនខុសច្បាប់

ចែករំលែក៖

ខេត្តប៉ៃលិន៖ ឈើប្រណីតជាច្រើនដុំ ដែលមានតម្លៃច្រើនម៉ឺនដុល្លារ ដែលឈ្មួញជួលកម្មករខ្មែរ ចូលទៅកាប់ និងដឹកជញ្ជូននាំឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ទាំងប្រថុយប្រថាន ខុសច្បាប់ ត្រូវបាន នគរបាល និងយោធាការពារព្រំដែន ប្រចាំខេត្តប៉ៃលិនបង្រ្កាប ដកហូតបានកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខណៈដែលឈើទាំងនោះ ត្រូវបានកម្មករខ្មែរលីសែងយកមកលាក់ទុកនៅចំណុចព្រំដែនកម្ពុជា-ថៃ ក្បែរបង្គោលសីម៉ាលេខ៦៦ ក្នុងភូមិសាស្រ្តសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

ឈើប្រណីតរងការបង្រ្កាបពីកម្លាំងសមត្ថកិច្ចព្រំដែន ត្រូវគេរាយការណ៍ឱ្យដឹងថា ជាប្រភេទឈើធ្នុង់ ដែលមានមុខកាត់ធំៗចំនួន១២ដុំ ស្មើនឹង០,៨១០ ម៉ែត្រគូប ។ ឈើប្រណីតទាំងនោះ បន្ទាប់មក ត្រូវបានសមត្ថកិច្ចព្រំដែនដឹកតាមគោយន្តយកទៅប្រគល់ឱ្យមន្រ្តីរដ្ឋបាលព្រៃឈើយករក្សាទុកដើម្បីទុកចាត់ការតាមផ្លូវច្បាប់ ។

កម្លាំងសមត្ថកិច្ចព្រំដែនបង្រ្កាបឈើប្រណីតខាងលើ មិនត្រូវបានឃាត់ខ្លួនមនុស្សជាប់ពាក់ពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់បាននោះទេ គ្រាដែលមានសេចក្តីរាយការណ៍ពីខេត្តប៉ៃលិនឱ្យដឹងថា សកម្មភាពនៃការធ្វើជំនួញឈើគ្រញូង ឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ក្នុងភូមិសាស្រ្តខេត្តប៉ៃលិនឈ្មួញ កំពុងជួលកម្មករខ្មែរចូលទៅកាប់ឈើគ្រញូង និងលីសែងឆ្លងដែនកាត់ព្រំដែនមានសកម្មភាពយ៉ាងផុសផុលទាំងប្រថុយប្រឋានដោយដើរឆ្លងកាត់តំបន់ចំការមីនផងនោះទៀត។

សូមបញ្ជាក់ថាករណីចូលកាប់ព្រៃឈើ និងស៊ីឈ្នួលលីសែងឈើគ្រញូងពីសំណាក់ កម្មករខ្មែរ នៅក្នុងទឹកដីថៃ ត្រូវគេមើលឃើញថា ឈ្មួញខ្មែរនិងថៃ បានសហការគ្នា ជួលកម្មករខ្មែរ ទៅធ្វើសកម្មភាព ។ សកម្មភាពចូលកាប់ឈើ និងលីសែងឈើនៅក្នុងទឹកដីថៃ កន្លងមកត្រូវគេរាយការណ៍ឱ្យដឹងថា កម្មករខ្មែរ ធ្លាប់បានរងគ្រោះបាត់បង់ជីវិត ដោយការបាញ់សម្លាប់ពីទាហានថៃ និងរងការចាប់ដាក់គុក ផ្តន្ទាទោសតាមច្បាប់របស់ ប្រទេសថៃនោះផងដែរ ៕ សំ វិច្ឆិកា

img_8620 img_8614 img_8616 img_8617 img_8619


ចែករំលែក៖