ភ្នំពេញ : បុរសម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ឆ្លងផ្លូវ មិនប្រយ័ត្ន ត្រូវរថយន្តប្រភេទក្រឡុកស៊ីម៉ង់ត៍ បើកលឿនជ្រុលមកបុកពីក្រោយ អូសជាង១០០ម៉ែត្រ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២១ ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៦ ទីតាំងនៅខាងត្បូងបន្ទាយកងពលតូចលេខ៧០ តាមបណ្តោយផ្លូវជាតិ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះសពឈ្មោះ ហ៊ុច ២៦ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតនៅភូមិកងតាណឹង ឃុំ កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ។
រីឯជនរងគ្រោះ ដែលរងរបួស ឈ្មោះ ស៊ូន រ៉ា អាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានភូមិកំណើតនៅ ភូមិត្មាតពងឃុំសំប៊ូរ ស្រុករមាសហែក ខេត្តស្វាយរៀង ។
តាមសាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុប្រជាពលរដ្ធបានឃើញបុរស២នាក់ខាងលើ ជិះម៉ូតូម៉ាកស្មាស់រីវ៉ូមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ១AD-៤៤៨២ ជិះចេញពីផ្លូវបេតុងការរដ្ឋានសំណង់ បុរី ធូ លន ទិសដៅពីកើតទៅលិច ឡើងមកផ្លូវជាតិ៣ ខណៈមកដល់ពាក់កណ្តាលថ្នល់ ក៏មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក មិនស្គាល់ស្លាកលេខ ប្រភេទក្រឡុកស៊ីម៉ង់ត៍ ពណ៌សលាយក្រហម បើកតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន មើលមិនឃើញម៉ូតូឆ្លងផ្លូវ បានបុកម៉ូតូជនរងគ្រោះទាំង២នាក់ ពីក្រោយទាំងកម្រោល និងអូសមនុស្ស ជាមួយម៉ូតូទៅតាមរថយន្តជាង១០០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់បានបាក់ក៏ស្លាប់ភា្លមៗនៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀត រងរបួសជើងខាងឆ្វេងធ្ងន់ ហើយត្រូវក្រុមសង្គ្រោះ បន្ទាន់របស់អង្គភាព ៧១១ កងពល៧០ មកដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ក្រោយពេលកើតហេតុ នគរបាលជំនាញចរាចរណ៍បានមកវាស់វែងធ្វើកំណត់ហេតុប្រគល់សពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រីឯម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិសែនជ័យ ៕ សុខាសែនជ័យ