ភ្នំពេញ៖ រថយន្តពន្លត់អគ្គីភ័យរបស់ខណ្ឌដង្កោ ដែលអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន ក៏បានបើកទៅប៉ះរថយន្ដកាមរីបាឡែន ដែលម្ចាស់គេចតទុកចោលនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាត ។ ហេតុការណ៍នោះដែរ បានកើតឡើងនៅវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវបេតុងជាប់របងសាលាកសិកម្មចំការដូង ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនោះ មានរថយន្ដម៉ាក កាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AI-១០៩៣ បានចត់ក្បែរចិញ្ចើមផ្លូវ ដោយម្ចាស់បានដើរចូលក្នងការដ្ឋានក្បែរនោះ មួយសន្ទុះក្រោយមក ស្រាប់តែមានរថយន្តពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដង្កោ បានបើកមកគៀរចំហៀងខាងឆ្វេង បណ្ដាលឲ្យបែកស្តុប និងខូចគូទរថយន្ដខាងឆ្វេងស្ទើរទាំងស្រុង ។
ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈនោះម្ចាស់រថយន្តរងគ្រោះបានឃាត់រថយន្ដបង្កដែលជារថយន្ដពន្លត់អគ្គីភ័យរបស់សាលាខណ្ឌដង្កោឲ្យឈប់ដើម្បីនិយាយសម្របសម្រួលគ្នា តែភ្លាមៗ គេសង្កេតឃើញខាងភាគីក្រុមសន្តិសុខ និងភាគីខាងម្ចាស់រថយន្តរងគ្រោះ ចរចាមិនត្រូវរូវគ្នានោះទេ គឺបញ្ចេញសរសៃករៀងៗខ្លួន ។
ក្រោយមក ដោយមានការជួយសម្រួលពីមន្ដ្រីចរាចរណ៍ខណ្ឌង្កោ ភាគីខាងជនរងគ្រោះ ក៏យល់ព្រមទទួលយកនូវសំណងចំនួន១៥០ដុល្លារ យកទៅជួសជុលរថយន្តខ្លួនវិញ ដើម្បីបញ្ចប់រឿងនូវនឹងកន្លែងកើតហេតុ ៕ ជីម ភារ៉ា ដង្កោ