ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តប៉ៃលិន​ បំបែកសំណុំរឿង​ លួចមានស្ថានទម្ងន់ទោសប្រេីអំពេីហិង្សារដោយប្រើកាំបិត​ និងធាក់ផ្តួលយកម៉ូតូ​ និងទូរស័ព្ទដៃ

ចែករំលែក៖

 

ខេត្តប៉ៃលិន÷យោងតាមផេកផ្លូវការនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនបានឲ្យដឹងនៅថ្ងៃទី១៧ខែកញ្ញានេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន​ បំបែកសំណុំរឿង​ លួចមានស្ថានទម្ងន់ទោស (ប្រេីអំពេីហិង្សារដោយប្រើកាំបិត​ និងធាក់ផ្តួលយកម៉ូតូ​ និងទូរស័ព្ទដៃ) នៅភូមិបឹងព្រលិត​ ឃុំស្ទឹងកាច់ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។ 

       

នៅយប់ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២៦ វេលាម៉ោង១​ និង​ ១៥នាទី​ (រំលងអាធ្រាត)​ នៅចំណុចភូមិបឹងព្រលិត​ ឃុំស្ទឹងកាច់​ ខេត្តប៉ៃលិន មានជនសង្ស័យមួយក្រុម មានគ្នាចំនួន៥នាក់​ ជនជាតិខ្មែរ បានធ្វើសកម្មភាពធាក់ផ្តួលម៉ូតូ​ និងបានយកកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ចាន់​ រដ្ឋា ភេទស្រី​ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ​ មុខរបរបុគ្គលិកអាហារដ្ឋាន​ បណ្ដាលឱ្យដួល​ និងបានយកកាំបិតកាប់សំដៅទៅលេីជនរងគ្រោះ​ តែត្រូវជនរងគ្រោះចាប់ដងកាំបិតជាប់​ រួចក្រុមជនសង្ស័យបានធ្វេីសកម្មភាពយកម៉ូតូ​ និងទូរស័ព្ទដៃរបស់ជនរងគ្រោះ​ ជិះរត់គេចខ្លួនបាត់តែម្តង។ 

ក្រោយពីទទួលបានព័ត៌មានខាងលេី​ ដោយអនុវត្តតាមបទបញ្ជារបស់លោក​ ឧត្តមសេនីយ៍ទោ​ សេង​ សុគន្ធ​ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន​ និងលោក​ឧត្តមសេនីយ៍​ត្រី​ ស្រី​ សាម៉ុន​ ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដោយមានការសម្រប សម្រួលនីតិវិធីពីលោក សេង​ គឹមឡាក់​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន​ បញ្ជាឱ្យកម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល​ ដដឹកនាំដោយវរសេនីយ៍ឯក​ ហ៊ីង​ យ៉ាន់​ នាយការិយាល័យ​ លោក​ វរសេនីយ៍ទោ​ មុំ​ វីរ:​ នាយរងការិយាល័យ​ លោក​ វរសេនីយ៍ទោ​ ឡោ​ ពុធ​ អធិការរងផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​ បានដឹកនាំកម្លាំងសហការជាមួយកម្លាំងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន​ និងខេត្តបាត់ដំបង កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ​/ក្រុងប៉ៃលិន​ និងអធិការដ្ឋាននគរបាលស្រុកសង្កែ​ បានធ្វេីការស្រាវជ្រាវតាមនីតិវិធីជំនាញរហូតកំណត់បាន​អត្តសញ្ញាណជនសង្ស័យ​ និងវត្ថុតាងបានមកវិញ។  

នៅថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២៦​ វេលាម៉ោង១៣​ និង​ ១៥នាទី ត្រង់ចំណុចទំនប់ស្វាយស​ ស្ថិតក្នុងភូមិស្វាយស​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង​ កម្លាំងជំនាញបា​នធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន:​ ២នាក់​ រួមមាន:

១-ឈ្មោះ​​ វេត​ សីហា​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបឹងទឹម​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។ 

២-ឈ្មោះ​  វ៉ិត​ ដេវីត​ ភេទប្រុស​ អាយុ​ ១៥ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​ មិនពិតប្រាកដ​ ទីលំនៅបច្ចុប្បន្នរស់នៅភូមិបឹងទឹម​ ឃុំតាប៉ុន​ ស្រុកសង្កែ​ ខេត្តបាត់ដំបង។  ចំណែកបក្សពួក​ ៣នាក់ទៀតកំពុងរត់គេចខ្លួន។ 

ក្រោយធ្វេីការសាកសួរ​ ជនសង្ស័យទាំងពីរនាក់ខាងលេីបានសារភាពថា​ រូបខ្លួន​ ននិងបក្សពួក ពិតជាបានធ្វេីសកម្មភាព​ ធាក់ផ្តួល​ម៉ូតូ​ និងបានយកកាំបិតកាប់ទៅលេីជនរងគ្រោះដេីម្បីប្លន់យកម៉ូតូ​ និងទូរស័ព្ទដៃ​ ពិតប្រាកដមែន។ 

       

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលេី​ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន​ ដេីម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕


ចែករំលែក៖