ខេត្តពោធិ៍សាត់៖ ជនប្រុស ស្រីញៀនល្បែងស៊ីសងអាប៉ោង៤នាក់ រួមទាំងវត្ថុតាង និងសម្ភារមួយចំនួនផងនោះ ត្រូវបានកម្លាំងនគរបាលជំនាញស្រុកក្រគរ សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាលកំរ៉ែងបង្រ្កាប កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះទៀមគ្មានមនុស្សនៅ ស្ថិតក្នុងភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក វេរសេនីយ៍ត្រី ម៉ោល សុទ្ធ អធិការរងនគរបាលស្រុកក្រគរដឹកនាំកម្លាំងនិងបញ្ជាផ្ទាល់បានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ មានការសម្របសម្រួលឡើងដោយលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្នុងនោះកម្លាំងអនុវត្តន៍ឃាត់ខ្លួនជនប្រុសស្រីចំនួន ០៤នាក់ ។
លោក អធិការរងបន្តថាអ្នកទាំង៤នាក់នោះទី១ឈ្មោះ ហ៊ុន សិលី ភេទស្រី អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ ទី២ឈ្មោះ សេម តុលា ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ ទី៣ឈ្មោះ សុត ខុន ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង៣នាក់បច្ចុប្បន្នរស់នៅភូមិកំរ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៤ឈ្មោះ ហូយ សុគួន ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាត់ខែ្មរ រស់នៅភូមិបឹងកំពក ឃុំចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង មកស្នាកនៅការដ្ឋានទី៦ក្រុមហ៊ុនដាំដំឡូងមី(អូរចាន់) ។
លោកបន្តទៀតថា ក្នុងកិច្ចការបង្រ្កាបនេះដែរ កម្លាំងបានដកហូតវត្ថុតាង និងសម្ភាររួមមាន មេអាប៉ោងចំនួន ០១ ចានបាញ់អាប៉ោងចំនួន ០១ គំរបគ្របអាប៉ោងចំនួន ០១ កំរាលក្រាលសម្រាប់លេងចំនួន ០១ កន្ទេលសម្រាប់ក្រាលលេងចំនួន ០១ លុយរៀលចំនួន ១២០០០,០០ កង់ចំនួន ០១គ្រឿង និងម៉ូតូម៉ាកវ៉េវអាល់ហ្វាចំនួន ០១គ្រឿងផងដែរ។
លោកបញ្ជាក់បន្ថែមទៀតថា ចំពោះជនទាំង៤នាក់បានយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីអប់រំណែនាំ និងបានដកហូតវត្ថុតាងខ្លះៗរក្សាទុក ៕ ប៉ឹម ពិន