ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ អមដំណើរដោយលោក ស៊ាន់ សុភាព អភិបាលរងស្រុកកំពង់ស្វាយ បានដឹកនាំកងកម្លាំងចម្រុះ ដែលមានអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលខេត្ត ស្រុក ក្រុងស្ទឹងសែន ចូលរួមផងដែរ ក្នុងការធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅតំបន់អាង ២០០០ និងអាង៨០០ ស្ថិត នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ និងមួយផ្នែកនៃសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លទ្ធផលក្នុងការធ្វើសកម្មភាពនៅក្នុងតំបន់អាង ២០០០ និងអាង៨០០ ថ្ងៃនេះ បានកាប់បំផ្លាញចោលនៅនឹងកន្លែងនូវរបាំងស្បៃមុងខុសច្បាប់បាន ១០ របាំង ប្រវែង ៣០០ ម៉ែត្រ,ឡុក១០ លបឬលូ ១០មាត់,របាំងសាច់អួនក្រឡាញឹកខុសច្បាប់ ចំនួន ២ របាំងប្រវែង ៦០០ ម៉ែត្រ ឡុក ៤ លបឬលូ ៨មាត់ ដែលខុសប្រវែងច្បាប់បានកំណត់ ប្រមាណជាង ២០០ម៉ែត្រ និងបានចាក់លែងកូនត្រីចម្រុះ ប្រមាណ ៣៥ គីឡូក្រាម បង្គោលឈើសរុបចំនួន ៤០០ដើម និងបំផ្លាញចោលនៅឧបករណ៍នេសាទខុសច្បាប់មួយចំនួនទៀត។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កង កម្លាំងចម្រុះទាំងអស់ ដែលប្រចាំការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រឃុំកំពង់គោ និងឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិសេសរបាំស្បៃមុងកុំឲ្យមានតទៅទៀត ព្រោះវាបានបំផ្លាញដល់ធនធានមច្ឆជាតិរបស់យើង ដែលមិនអាចធំលូតលាស់បាន ។ ជាមួយនោះដែរ ក៏បានជំរុញឲ្យសមត្ថកិចជំនាញ ស្រាវជ្រាវរកមុខសញ្ញាជនប្រើប្រាស់ឧបករណ៍ឆក់ត្រី ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងឥន្ធនៈ ៣៦០លីត្រ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ជូនលោកអនុសេនីយ៍ឯក ហែម ថន ប្រធានទីបញ្ជាការស្រាលបង្ក្រាបបទល្មើនេសាទនៅឃុំផាត់សណ្ដាយ និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីបន្តសកម្មភាពក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យបន្ថែមទៀត ៕

ដោយ៖ សុខហេង
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច