ខេត្តបាត់ដំបង៖ លោក ផន រឹម អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា [បច្ចុប្បន្នភាព]..! ខ្ញុំបាទសូមបញ្ជាក់ជូនជ្រាបថា កំណាត់ផ្លូវដែក ដែលរងការខូចខាតដោយហេតុការណ៍គ្រោះថ្នាក់រថភ្លើងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ បានជួសជុលរួចរាល់ និងដាក់ឲ្យដំណើរការបណ្តោះអាសន្ននៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះហើយ។
ដោយឡែកចំពោះទូររថភ្លើងចំនួន៤ដែលរអឹលធ្លាក់ផ្លូវ បានលើកចេញជាបន្តបន្ទាប់។
គួរបញ្ជាក់ថា នៅម៉ោង១២:៣៧នាទី រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ២៧៧ ខ្សែរថភ្លើងភាគខាងជើង សង្កាត់អូចារ ក្រុង-ខេត្តបាត់ដំបង រថភ្លើងលេខ៦៦៩៧ ដឹកជញ្ជូនប្រេងម៉ាស៊ូត១៣ទូរ និងប្រេងសាំងចំនួន១៣ទូរ ធ្វើដំណើរចេញពីស្ថានីយតេលាក្រុងព្រះសីហនុ ទៅកាន់ស្ថានីយតេលា បឹងព្រីងខេត្តបាត់ដំបង ជួបហេតុការណ៍គ្រោះថ្នាក់ធ្លាក់ផ្លូវដែក បណ្តាលឱ្យទូរប្រេងចំនួន៤ទូរ បានក្រឡាប់ ក្នុងនោះមានទូរប្រេងម៉ាស៊ូត ៣ទូរ(លេខ០៩,លេខ១២ និងលេខ១៣ និងទូរសាំង១ទូរ( លេខ ១៤)។
របាយការណ៍បឋម៖ មិនមាននរណាម្នាក់រងគ្រោះថ្នាក់ទេ គ្រាន់តែខូចខាតផ្លូវដែកនៅចំណុចនោះ។ ភ្លាមៗបន្ទាប់ពីកើតហេតុ អាជ្ញាធរ និងសមត្ថកិច្ចក្រុងបាត់ដំបង ព្រមទាំងរថយន្តបង្ការ និងពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានចុះប្រចាំការនៅទីតាំងកើតហេតុ ដើម្បីអន្តាគមន៍ក្រែងមានការហេតុការណ៍អគ្គិភ័យឆាបឆេះកើតឡើង៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច