ព័ត៌មានទាន់ហេតុការណ៍៖

ការបំផ្ទុះគ្រាប់បែក និងការបាញ់ប្រហារនៅស្ថានីយ៍ប៉ូលីសប៉ាគីស្ថានបណ្តាលឱ្យមនុស្ស ៣១ នាក់ស្លាប់ និង ១០០ នាក់រងរបួស

ចែករំលែក៖

អន្តរជាតិ៖ ក្រុមអ្នកឈ្លានពានបានវាយប្រហារ ហើយបន្ទាប់មកបានបិទខ្ទប់ខ្លួនឯងនៅខាងក្នុងស្ថានីយប៉ូលីសមួយកន្លែងក្នុងប្រទេសប៉ាគីស្ថាន ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។

មន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់បានប្រាប់ AFP នៅថ្ងៃទី ១៩ ខែកញ្ញាថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះ និងការបាញ់ប្រហារនៅស្ថានីយប៉ូលីសនៅភាគខាងជើងប្រទេសប៉ាគីស្ថានបានកើនឡើងដល់យ៉ាងហោចណាស់ ៣១ នាក់ រួមទាំងមន្ត្រីប៉ូលីស ១៦ នាក់។

មន្ត្រីរូបនោះបាននិយាយថា “រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស ៣១ នាក់ រួមទាំងមន្ត្រីប៉ូលីស ១៦ នាក់ ត្រូវបានសម្លាប់ និងជាង ១០០ នាក់រងរបួសនៅក្នុងការវាយប្រហារដោយខ្មាន់កាំភ្លើងនិងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាត” ដោយបន្ថែមថាការប្រយុទ្ធគ្នានៅតែបន្ត។

ខ្មាន់កាំភ្លើងបានវាយលុកអគារ Old Police Lines ក្នុងទីក្រុង Kohat ដែលជាទីក្រុងមួយមានប្រជាជនប្រហែល ២២០.០០០ នាក់នៅក្នុងខេត្ត Khyber Pakhtunkhwa ប្រទេសប៉ាគីស្ថាន នៅរសៀលថ្ងៃទី ១៨ ខែកញ្ញា។

ទីស្នាក់ការកណ្តាលប៉ូលីសនេះគឺជាមជ្ឈមណ្ឌលបញ្ជាការប៉ូលីសកម្រិតស្រុក ដែលមានការិយាល័យសំខាន់ៗរបស់នាយកដ្ឋានប្រឆាំងភេរវកម្ម ក្រុមការងារពិសេស និងអង្គភាពប៉ូលីសជាច្រើនទៀត។

ប៉ាគីស្ថានចោទប្រកាន់ការកើនឡើងនៃការវាយប្រហារនៅក្នុងខេត្ត Khyber Pakhtunkhwa និង Balochistan នៅព្រំដែនភាគខាងត្បូងរបស់ខ្លួនថាបណ្តាលមកពីសកម្មភាពពួកសកម្មប្រយុទ្ធដែលមានប្រភពមកពីប្រទេសអាហ្វហ្គានីស្ថាន។ អាហ្វហ្គានីស្ថានបដិសេធការចូលរួមណាមួយ៕

ដោយ៖ ធីរីណា


ចែករំលែក៖