ភ្នំពេញ៖ នៅថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធ្វើបទបាឋកថា លើប្រធានបទ “ ការដឹកនាំបញ្ជាកងកម្លាំង សភាពការណ៍ជាតិ – អន្តរជាតិ និងបញ្ជាផ្សេងៗ” ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្រោយពីបានផ្តល់នូវការយល់ដឹងអំពីសភាពការណ៍ នយោបាយអន្តរជាតិ និងក្នុងតំបន់រួចមក សម្ដេចតេជោនាយករដ្ឋមន្រ្តី បានផ្តល់នូវអានុសាសន៍សំខាន់ៗមួយចំនួនដល់មន្រ្តីនគរបាល និងសិក្ខាកាម ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិអោយរីកចម្រើនក្នុងនោះរួមមានដូចជា កងកម្លាំងគ្រប់ប្រភេទត្រូវការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីអោយបានដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
ត្រូវពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើប្លន់ប្រដាប់អាវុធ ជាពិសេសគ្រឿងញៀនដែលជាបញ្ហាធំ។ ត្រូវពង្រឹងការអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍អោយមានប្រសិទ្ឋភាព។ ត្រូវធានាកុំអោយមានអំពើរភេរវកម្មកើតឡើងដាច់ខាតនៅកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគ។
កងកម្លាំងទាំងអស់ត្រូវចូលរួមសហការជាមួយមន្ត្រីគយ ពន្ធដា ដើម្បីប្រមូលពន្ធបង្កើនប្រាក់ចំណូលជាតិ ហើយសហការល្អជាមួយមន្ត្រីការពារព្រៃឈើ ធនធានរ៉ែ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញឈើ បូមរ៉ែខ្សាច់ និងអំពើរុករករ៉ែខុសច្បាស់ដទៃទៀត។
សម្ដេចតេជោនាយករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ផងដែរទោះលើកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវធានាដាច់ខាតមិនអោយមានបដិវត្តន៍ពណ៍កើតឡើងនៅកម្ពុជាដែលបំផ្លាញនូវសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេសជាតិ ហើយការពាររាជរដ្ឋាភិបាលស្របច្បាប់។ កងកម្លាំងត្រូវខិតខំលុបបំបាត់ភាពអសកម្មរបស់ខ្លួន ហើយត្រូវចូលរួមកសាងអំពើល្អ និងសកម្មភាពជួយសង្គមអោយបានច្រើន។ សំខាន់ជាងនេះទៅទៀត គឺត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសគឺសេវាតម្រូវការចាំបាច់ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បញ្ជីជាតិ ប័ណ្ណស្នាក់នៅ ជាដើម។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែង បង្រៀន និងរៀនសូត្រក្រេបយកចំណេះដឹងដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានសុខសន្តិភាព និងរីកចម្រើនខ្លាំងឡើងថែមទៀត ៕