ខេត្តកំពង់ស្ពឺៈកម្មការិនីជាច្រើននាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយមិនដឹងមូលហេតុច្បាស់លាស់ ហើយត្រូវបានបញ្ជូនទៅសង្ក្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ដោយអ្នកខ្លះថា ខ្មោចចូល ហើយអ្នកខ្លះទៀតថា មកពីហូបមិនគ្រប់គ្រាន់ តែទោះជាយ៉ាងណា រង់ចាំគ្រូពេទ្យពិនិត្យសុខភាពចេញលទ្ឋផលមកសិន ។
ករណីដួលសន្លប់នេះ កើតឡើងនៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ៩ និង ៤០នាទី នៅក្រុមហ៊ុន វីងស្តារ ស៊ូ ស្ថិតនៅភូមិអង្គសុគន្ធា ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
រោងចក្រនេះមានកម្មករ និយោជិតសរុប ៧,៧៣៦នាក់ ប្រុស ៤០០នាក់ ។
លោកចឹក បូរិន្ទ ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបានអោយដឹងថា តាមការសាកសួរគឺពីដំបូង មានកម្មការិនីម្នាក់ មានអាការៈ មិនស្រួលខ្លួន និងបានប្រកាច់ ស្រែកឡូឡា(ដូចខ្មោចចូល) បន្ទាប់មក ក្រុមកម្មករប្រុសៗបានលើកនាំយកគាត់ទៅបន្ទប់ពេទ្យក្រុមហ៊ុន និងបានពិនិត្យឃើញថា មានអាការៈលើសឈាម ក្រុមហ៊ុនក៏បានសម្រេច បញ្ជូនគាត់ទៅមន្ទីរពេទ្យខាងក្រៅ។ បន្ទាប់ពីនោះ ក៏មានកម្មករដួលសន្លប់បន្តបន្ទាប់គ្នា ជាច្រើន ទើបក្រុមហ៊ុន បានហៅឡានសង្គ្រោះមកយកកម្មករទៅពេទ្យខាងក្រៅ និងបានឲ្យកម្មករចេញទៅផ្ទះអស់ទៅ ។
លោកប្រធានបន្តថាពេលនេះ កម្មករ ដែលសម្រាកព្យាបាលនៅតាមពេទ្យនានា សរុបចំនួន ១៣៩នាក់ ស្រីទាំងអស់ ។
ពេលនេះផងដែរ ក៏មានគណៈកម្មការ និងមន្ទីរខេត្តមកពិនិត្យករណីនេះ និងបានដាក់វិធានការ ដូចខាងក្រោម ៖
១-ក្រុមហ៊ុនត្រូវអប់រំកម្មករ និយោជិត ទាំងឱ្យយល់ដឹងអំពីការទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ និងសម្រាកឲ្យបានគ្រប់គ្រាន់ ។
២-រៀបចំឲ្យមានបន្ទប់គិលានដ្ឋានគ្រប់អាគារផលិតកម្មទាំង៦អាគារ។
៣-អនុញ្ញាតឲ្យកម្មករ កម្មការិនី ដែលដួលសន្លប់ចំនួន ១៣៩នាក់ ឲ្យឈប់សម្រាកចំនួន ២ថ្ងៃ និងចូលធ្វើការងារវិញនៅថ្ងៃទី៥ ខែវិច្ឆិកា ក្រោមការត្រួរពិនិត្យសុខភាពរបស់គ្រូពេទ្យរោងចក្រ និងការឃ្លាំមើល ដើម្បីសម្របសម្រួលកម្មករឲ្យចូលធ្វើការងារវិញប្រកបដោយសុវត្ថិភាព។ ដោយឡែកកម្មករ កម្មការិនី ដែលមិនមានករណីសន្លប់ខាងលើ ឲ្យចូលធ្វើការងារវិញ ជាធម្មតា។
ពេលនេះកម្មការិនីរងគ្រោះទាំង១៣៩នាក់ បានចេញពីពេទ្យទៅផ្ទះអស់ហើយ ៕ សេនាស័ក្តិ