ភ្នំពេញ ៖ ប្រពន្ធលោក ឈូក បណ្ឌិត អតីតចៅហ្វាយក្រុងបាវិត ត្រូវក្រុមចោរមួយក្រុមបើកទ្វាររថយន្តយកកាបូបលុយទៅបាត់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះវីឡារបស់ស្ត្រីរងគ្រោះស្ថិតក្នុងក្រុម៦ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះឈ្មោះ អ៊ិត ចាន់ណា អាយុប្រហែល៣៦ឆ្នាំ ជាប្រពន្ធរបស់អតីតចៅហ្វាយក្រុងបាវិត លោក ឈូក បណ្ឌិត ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីស្ត្រីរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុគាត់ទើបមកពីមន្ទីរពេទ្យ ពេលមកដល់មុខផ្ទះហើយប្អូនបានទៅបើកទ្វារផ្ទះតែរុញទ្វារមិនរួច គាត់ក៏ចុះទៅជួយរុញដោយបានបិទទ្វារឡានត្រឹមត្រូវ តែពេលរុញទ្វាររួចត្រឡប់មកឡានវិញស្រាប់តែឃើញឡានចំហទ្វារ ហើយឃើញជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកគុប១គ្រឿងចេញទៅបាត់ ។
ស្ត្រីរងគ្រោះបានឲ្យដឹងទៀតថានៅក្នុងកាបូបមានគ្រឿងអលង្ការ និងប្រាក់សរុបប្រមាណជាង២ពាន់ដុល្លារអាមេរិច លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណ ព្រមទាំងឯកសារមួយចំនួន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងដែរថា ស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅដែរ តែស្ត្រីរងគ្រោះថា គាត់មកដាក់ពាក្យបណ្ដឹងនេះគឺគ្រាន់តែដើម្បីមានពាក្យបណ្ដឹងដើម្បីយកទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីប៉ុណ្ណោះ ។
ក្រោយពេលដែលស្រី្តរងគ្រោះដាក់ពាក្យបណ្តឹងរួចហើយ សមត្ថកិច្ចហាក់បីដូចជាមានការលាក់បាំងព័ត៌មាន ព្រោះថាជារឿងតូចតាច ៕ សុខាសែនជ័យ