ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឈប់បារ៉ាសពេលរថភ្លើងឆ្លងផ្លូវត្រូវរថយន្តធុនធ្ងន់បុកពីក្រោយបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់រងរបួស

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បុរសម្នាក់បានបែកក្បាលស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួ.សធ្ង.ន់ ក្រោយជិះម៉ូតូទៅឈប់មុខបារ៉ាសដែលដាក់បិទផ្លូវពេលរថភ្លើងឆ្លងកាត់ ហើយត្រូវបានរថយន្តធុនធ្ងន់បុកកិនពីក្រោយ កាលពីវេលាម៉ោង ១៣និង១០នាទី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវហាយវ៉េ ត្រង់ចំណុចក្រុមទី១៨ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងរវាងម៉ូតូម៉ាក ហុងដាឌ្រីមពណ៌ខ្មៅ ដែលមានផ្លាកលេខ បាត់ដំបង1AP-8420 បើកបរដោយឈ្មោះ ណែម វណ្ណា ភេទប្រុស អាយុ ៤៨ឆ្នាំ និងអ្នករួមដំណើរឈ្មោះ វ៉ាន់ ណារ៉ា ហៅ ទូច ភេទប្រុស អាយុ ៣៦ឆ្នាំ ទាំងពីរនាក់រស់នៅភូមិអូរខ្ជាយ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុ បានឈប់មុខបារ៉ាសរងចាំរថភ្លើងឆ្លងកាត់ផ្លូវ ក៏ស្រាប់តែមានរថយន្តដឹកអង្ករធុនធ្ងន់១គ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខខាងមុខ ភ្នំពេញ 3B-7660 និងខាងក្រោយ ភ្នំពេញ 4A-4411 បើកបរដោយឈ្មោះ ប្រាក់ ចាន់ ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅខេត្តកំពង់ចាម ទិសដៅស្របគ្នាបានជ្រុលទៅបុកម៉ូតូពីក្រោយនិងកិនបណ្តាលអោយអ្នករួមដំណើរបែកក្បាលស្លាប់ភ្លាមៗ ចំណែកអ្នកបើកបរផ្លោងចូលព្រៃរងរបួសធ្ងន់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យឃាត់ខ្លួនតៃកុងរថយន្តភ្លាមៗ និងវាស់វែងយកមធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសពបានប្រគល់អោយសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ សុខហេង


ចែករំលែក៖