ព័ត៌មានទាន់ហេតុការណ៍៖

ពស់ចឹកបុរសម្នាក់ស្លាប់ក្រោយបាត់ខ្លួនក្នុងព្រៃ៩ថ្ងៃ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ បុរសម្នាក់ត្រូវបាន សាច់ញាតិតាមរកឃើញស្លាប់នៅក្នុងព្រៃស្រោងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិត នៅភូមិថ្នល់បែកឃុំថ្មី ស្រុកគូលែន ហើយតាមក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះបានបាត់ខ្លួនពីខ្ទមរបស់គាត់រយៈពេល៩ថ្ងៃមកហើយ។

ប្រភពពីក្រុមគ្រួសារបន្តថា ជនរងគ្រោះ ឈ្មោះ យិន ឌួង អាយុ៧២ឆ្នាំ ជាកសិករ មានទីលំនៅភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុក គូលែន ហើយជនរងគ្រោះបានបាត់ខ្លួនពីខ្ទមចាំចម្ការអស់រយៈពេល៩ថ្ងៃមកហើយ។

កូនប្រុសជនរងគ្រោះឈ្មោះ ឌួង រិះ អាយុ៤៤ឆ្នាំឲ្យដឹងថា ក្រោយពីបាត់ឪពុក គាត់បានដើររកគ្រប់ទីកន្លែងតែទីបំផុតនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ក៏ប្រទះឃើញ ឪពុកស្លាប់នៅក្នុងព្រៃឆ្ងាយពីភូមិបាត់ទៅហើយ។ ឪពុករបស់គាត់កាលនៅរស់មានទម្លាប់ដើរបរបាញ់សត្វព្រៃនិងដងជ័រទឹកដើម្បីផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។

មន្ត្រីនគរបាលស្រុកគូលែនបានឲ្យដឹងថា បន្ទាប់ពីកូនប្រុសរបស់គាត់រាយការណ៍ឲ្យដឹងថា បានប្រទះឃើញសពជនរងគ្រោះ ស្លាប់ក្នុងព្រៃស្រោងភ្លាមៗនោះកម្លាំងនគរបាលបានចុះទៅពិនិត្យមើលសពជនរងគ្រោះនិងធ្វើកោសល្យវិច័យទើបដឹងថា ជនរងគ្រោះស្លាប់ដោយសារពស់ពិសចឹកចំភ្នែកគោរជើងខាងស្តាំគឺមិនមែនជា ករណីឃាតកម្មនោះទេ។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

m02-11-16-79


ចែករំលែក៖