ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចក្រោយធ្វេីសកម្មភាពលួចយក ម៉ូតូសណ្តោងរ៉ឺម៉កបានសម្រេចកាលពីវេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចខាងមុខហាងកាហ្វេ ស្ថិតនៅភូមិត្រពាំង ថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ សោម វណ្ណៈ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ជនសង្ស័យមានសារធាតុញៀន)។
ជនរងគ្រោះឈ្មោះ លួន នីន ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉កម៉ូតូ ស្នាក់នៅផ្ទះស្ថិតនៅ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖
១-ដែកចុងស្រួចសម្រាប់កាច់កម៉ូតូចំនួន០២ដើម
២-សោចិញ្ចៀនចំនួន០១ដើម
៣-កូនកន្ត្រៃចំនួន០១ដើម
៤-កូនសោម៉ូតូចំនួន០១ដើម
៥-ទូរស័ព្ទ០១គ្រឿងម៉ាក HONOR ពណ៌ខ្មៅ
៦-ម៉ូតូ០១គ្រឿងម៉ាកHONDA DREAM C125 ពណ៌ខ្មៅ សេ៊រីឆ្នាំ២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1MS-1688 (របស់ជនសង្ស័យសម្រាប់ជិះធ្វើសកម្មភាព)
៧-ម៉ូតូ០១គ្រឿង ម៉ាកHONDA WAVE ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1F-4931(របស់ជនសង្ស័យសម្រាប់ជិះធ្វើសកម្មភាព)
៨-កន្ទុយរុឺម៉កចំនួន០១ គ្មានស្លាកលេខ(ប្រគល់ជូនជនរងគ្រោះវិញ)។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាកYAMAHA SIRIUS ពណ៌ខៀវ មិនមានស្លាកលេខសណ្ដោងរ៉ឺម៉ក ចេញពីផ្ទះនៅចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីមកផឹកកាហ្វេនៅចំណុចភូមិត្រពាំងថ្លឹង៤។ ពេលដែលមកដល់ហាងកាហ្វេជនរងគ្រោះក៏បានទុកម៉ូតូរ៉ឺម៉កនៅខាងមុខហាងកាហ្វេរួចហើយជនរងគ្រោះក៏បានដើរចូលអង្គុយផឹកកាហ្វេធម្មតា រហូតដល់ម៉ោង០៥និង៥០នាទីថ្ងៃខែឆ្នាំដដែលជនរងគ្រោះក៏បានដើរចេញពីហាងកាហ្វេដើម្បីមកយកម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួនស្រាប់តែបាត់តែម្តង ពេលនោះជនរងគ្រោះក៏បានរត់ទៅសួរអ្នកអង្គុយផឹកកាហ្វេថាមានឃើញអ្នកណាយកម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួនទេ ប៉ុន្តែមិនមានអ្នកណាឃើញនោះទេ។ បន្ទាប់មកជនរងគ្រោះក៏បានរត់ទៅខ្ចីម៉ូតូម្ចាស់ហាងកាហ្វេដើម្បីជិះរកម៉ូតូសណ្តោងរ៉ឺម៉ករបស់ខ្លួន ពេលដែលជនរងគ្រោះជិះមកដល់ចំណុចខាងមុខផ្សារទួលពង្រស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពេលនោះស្រាប់តែបានឃើញកន្ទុយរ៉ឺម៉ករបស់ខ្លួនប៉ុន្តែបាត់ម៉ូតូ ម៉ាកYAMAHA SIRIUS ពណ៌ខៀវមិនមានស្លាកលេខដែលសម្រាប់សណ្តោងរ៉ឺម៉ក រួចហើយជនរងគ្រោះក៏បាននិយាយប្រាប់អ្នកលក់ដូរនៅជិតទីតាំងរ៉ឺម៉កដែលជនសង្ស័យទុកចោលអោយជួយមើលរ៉ឺម៉ករបស់ខ្លួនផង ចោរលួចយកមក រួចហើយជនរងគ្រោះក៏បានជិះម៉ូតូទៅរកម៉ូតូរបស់ខ្លួនតែរកមិនឃើញ ជនរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកកន្លែងទីតាំងរ៉ឺម៉កនៅចំណុចខាងមុខផ្សារទួលពង្រវិញ ពេលមកដល់ជនរងគ្រោះក៏បានឃើញជនសង្ស័យ០២នាក់កំពុងតែលើកកន្ទុយរ៉ឺម៉ករបស់ខ្លួនដាក់លើម៉ូតូ ឃើញបែបនោះជនរងគ្រោះក៏បានរត់ចូលទៅចាប់បានជនសង្ស័យម្នាក់ឈ្មោះសោម វណ្ណៈ ភេទប្រុស រួមទាំងវត្ថុតាង ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះក្លូ ភេទប្រុសបានរត់គេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះសោម វណ្ណៈប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីសួរនាំ។
បន្ទាប់ពីសមត្ថកិច្ចសួរនាំ ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា ខ្លួននិងបក្ខពួក០២នាក់ ឈ្មោះ ក្លូ ភេទប្រុស (គេចខ្លួន) ឈ្មោះ ឃីត ភេទប្រុស (គេចខ្លួន)ពិតជាបានធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉ករបស់ជនរងគ្រោះពិតប្រាកដមែន។
បន្ទាប់មកជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ដើម្បីអោយសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាត់ការតាមនីតិវីធីច្បា ប់៕

ដោយ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច