ខេត្តស្វាយរៀង៖ រយៈពេលពេញមូយថ្ងៃ នាថ្ងៃទី២៦ ខែកញ្ញាឆ្នាំ ២០២៦ នេះ លោក ចាន់ កុលបុត្រ តំណាង លោកស្រី សុខ វិឡាយ ប្រធានក្រុមការងារគណបក្សចុះជួយ ឃុំដូង និង លោក គីម តូ ព្រមទាំងសហការី បានអញ្ជើញ ចុះសំណេះសំណាល និងចែកបណ្ណសម្គាល់សមាជិកបក្ស ៤៥០ នាក់ ចំនួន ៤ ភូមិ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំ ស្ថិតក្នុងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឪកាសនោះ លោក ចាន់ កុលបុត្រ បាននាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង ដែលសម្ដេច តែងតែនឹករលឹកដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាសមាជិក សមាជិកានៅក្នុងឃុំដូង ស្រុករមាសហែក ផងដែរ។
លោក បន្ថែមថា គោលបំណង នៃការចុះជួបសំណេះសំណាលនេះ គឺដើម្បីឱ្យជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងឃុំដូង នៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ព្រមទាំងក្តាប់នូវព័ត៌មានលម្អិត និងស្ថានភាពជាក់ស្តែងតាមមូលដ្ឋាននីមួយៗ។
លោក បានជំរុញឱ្យសមាជិក សមាជិកា គណបក្ស ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព ព្រមទាំងត្រូវខិតខំលុបបំបាត់រាល់ភាពអសកម្មទាំងឡាយណាដែលកើតមានកន្លងមក ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។
លោក សង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំង និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណ្តិតទី៦ នៅខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ៕

ដោយ៖ សុថាន
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច