ខេត្តកណ្តាលៈ ស្ត្រីវ័យចំណាស់ចំនួន០៩នាក់ ជាអ្នកផ្តល់ទីតាំង និងលេងល្បែងស៊ីសងខុសច្បាប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយវត្ថុតាងពាក់ព័ន្ធ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។
ស្ត្រីចំនួន៩នាក់ខាងលើនេះ ត្រូវបានសមត្ថកិច្ចបង្រ្កាបចាប់ខ្លួន២គោលដៅផ្សេងគ្នា គោលដៅទី-ចាប់បានចំនួន៦នាក់ កាលពីវេលាម៉ោង១៣ និង១០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ គោលដៅទី២-ចាប់បានចំនួន៣នាក់ កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ។
អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនសង្ស័យ៩នាកើដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះ ជ ហួយ ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ (អ្នកផ្តល់ទីតាំងលេងល្បែងកន្ទុយលេខ) ទី២-ឈ្មោះ ផាន ចាន់ធី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (អ្នកលេង) ទី៣-ឈ្មោះ គាន ថន ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ (អ្នកលេង) ទី៤-ឈ្មោះ ថុង ស៊្រាន់ ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (អ្នកលេង) ។ទាំង៤នាក់នេះរស់នៅភូមិកំពង់សំបួរក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ទី៥-ឈ្មោះ ជូ ជឹង ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (អ្នកលេង) មានទីលំនៅភូមិជ្រុងរមាស ឃុំកំពង់កុង ស្រុកកោះធំ ទី៦-ឈ្មោះ ពា ច្រិច ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ (អ្នកលេង) មានទីលំនៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ទី៧-ឈ្មោះ ខៀវ សារី ភេទ ស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (អ្នកបើកឲ្យលេងក្បែងកន្ទុយលេខ) ទី-៨ឈ្មោះ ស៊ាង គីម ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (អ្នកលេង) និងទី៩ឈ្មោះ ម៉ារិន ដាស៊ី ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ (អ្នកលេង) ។ ទាំង៣នាក់នេះរស់នៅភូមិព្រែកតាហ៊ីង ឃុំព្រែកថ្មី ស្រុកកោះធំ ។
លោកអធិការបានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចបានរឹបអូសវត្ថុតាងពាក់ព័ន្ធជាច្រើន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ