ភ្នំពេញៈ នារីម្នាក់ដើរមកហូបគុយទាវស្រាប់តែត្រូវជនសង្ស័យម្នាក់ធ្វើសកម្មភាពឆក់ទួរស័ព្ទបានសម្រេច តែរត់មិនរួច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ តាមផ្លូវលេខ៤៥៦កែង១៣៥សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សុក ខា ហៅពៅ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុន ជឿ ២០ឆ្នាំមុខរបរនិស្សិតស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បើតាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចេញមកពីផ្ទះហើយមកហូបគុយទាវនៅម្ដុំផ្សារទួលទំពួង ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកគុប ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ១A ២៨៤៨ បានមកធ្វើសកម្មភាពឆក់ទួរស័ព្ទពីនារីម្នាក់ហើយជិះម៉ូតូរត់គេចខ្លួន តែរត់មិនរួច ត្រូវនារីរងគ្រោះស្រែកអោយគេជួយទើបប្រជាពលរដ្នដេញចាប់បានភ្លាមៗ ។
ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទួលទំពួងទី១ ។
បច្ចុប្បន្នជនសង្ស័យរួមនិងម៉ូតូត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍ទួលទំពួងទី១នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី