ព័ត៌មានទាន់ហេតុការណ៍៖

ម្តាយសម្រេចចិត្តប្តឹងសមត្ថកិច្ចចាប់ខ្លួនកូនប្រុសបង្កើតបន្ទាប់ពីប្រដៅលែងស្តាប់

ចែករំលែក៖

ខេត្តកណ្តាលៈ ស្ត្រីម្នាក់បានសម្រេចចិត្តតេទូរស័ព្ទប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយរលំឲ្យជួយអន្តរាគមន៍ចាប់ខ្លួនកូនប្រុសបង្កើតកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីមើលឃើញថាកូនប្រុសប្រដៅលែងស្តាប់ឧស្សាហ៏ស្រវឹងស្រាស្រែកឡូឡាបង្កជម្លោះនិងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ។ ជាក់ស្តែងនៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កូនប្រុស ចិត្តជាសត្វតិរច្ឆានម្នាក់នេះផឹកស្រាស្រវឹងខឹងម្តាយមិនព្រមបើកទ្វារឲ្យចូលទៅក្នុងផ្ទះ ក៏ស្ទុះទៅដាល់កញ្ចក់បង្អួចបណ្តាលឲ្យរងការខូចខាតបែកអស់មួយផ្ទាំងស្ថិតក្នុងភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សួន វិសាល ហៅចេក ភេទប្រុស អាយុ២៤ឆ្នាំ ត្រូវបានស្ត្រីជាម្តាយឈ្មោះ សួន សុខឿន អាយុ៤៦ឆ្នាំ រស់នៅភូមិលេខ៥ ឃុំស្វាយរលំ ស្រុកស្អាង សម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនភ្លាមៗ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

អ្នកមីង សួន សុខឿន បានរៀបរាប់ប្រាប់សមត្ថកិច្ចនគរបាលថា ឈ្មោះ សួន វិសាល ហៅចេក ជាកូនប្រុសបង្កើតរបស់គាត់ ពេលផឹកស្រាស្រវឹងម្តងៗកូនប្រុសចិត្តជាសត្វតិរច្ឆានរូបនេះ តែងតែមករករឿងរូបគាត់ជាម្តាយនិងបងប្អូន ។ មិនតែប៉ុណ្ណោះលោកកូនចិត្តខ្លាំងរូបនេះបានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបែកខ្ទេចខ្ទីគ្មានសល់ ។ លុះមកដល់យប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ កូនប្រុសរបស់គាត់មានសភាពស្រវឹងស្រាស្រែកឡូឡាឲ្យរូបគាត់បើកទ្វារផ្ទះ ។

អ្នកមីង សុខឿន បានបន្តថា ដោយភ័យខ្លាចទៅនឹងភាពកាចសាហាវរបស់កូនប្រុសពេលមានសុរាចូលខ្លួនវាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះនោះ រូបគាត់មិនបានបើកទ្វារឡើយ ទើបលោកកូនចិត្តខ្លាំងស្ទុះទៅដាល់កញ្ចក់បង្អួចផ្ទះ បណ្តាលឲ្យបែកអស់មួយផ្ទាំងនិងមុតឈាមដៃខ្លួនឯង(ជនសង្ស័យ) ។ ឃើញដូច្នេះទើបគាត់សម្រេចចិត្តលើកទូរស័ព្ទតេប្តឹងសមត្ថកិច្ចនគរបាលមូលដ្ឋាន ឲ្យជួយអន្តរាគមន៍ចាប់ខ្លួនលោកកូនចិត្តជាសត្វតិរច្ឆាន ដើម្បីចាត់ការតាមច្បាប់ ព្រោះប្រដៅលែងស្តាប់ហើយថ្ងៃណាមួយវាយអាចនឹងសម្លាប់គាត់ចោលជាក់ជាមិនខាន ។

មន្ត្រីនគរបាលស្រុកស្អាងបានបញ្ជាក់ថា ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលជំនាញយុត្តិធម៌ កសាងសំណុំរឿងពីបទ “ហិង្សាក្នុងគ្រួសារ” ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលចាត់ការតាមច្បាប់ ៕ ស្អាងជ័យ

as-1 as-2 as-3 as-4


ចែករំលែក៖