ភ្នំពេញ៖ រថយន្តក្រឡុកសីុម៉ង់ត៍មួយគ្រឿងបានបើកចុះពីលើស្ពានព្រះមុនីវង្សចាស់ ហើយដាច់ហ្វ្រាំងជ្រុលទៅបុកនឹងរបាំងថ្មសួនច្បាស់បណ្តាលឲ្យកល់ជាប់ទៅមុខលែងរួច កាលពីវេលម៉ោង៩យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចគល់ស្ពានព្រះមុនីវង្សខាងកើត សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នីមុនពេលកើតហេតុ គេបានឃើញរថយន្តក្រឡុកសីុម៉ង់ត៍ មួយគ្រឿង ពណ៌សឆ្នូតខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៥A ១៤៧៣ ធ្វើដំណើរចុះពីស្ពានព្រះមុនីវង្សចាស់ទៅត្រើយខាងកើត ខណៈមកដល់គល់ស្ពាន ក៏បានបួងចង្កូតមកឆ្វេងបំណងឡើងទៅស្ពានច្បារអំពៅថ្មីវិញ ដោយដាច់ហ្វ្រាំង ក៏ជ្រុលចង្កូតទៅបុករបាំងថ្មឡើងកល់ជាប់ទៅមុខលែងរួច តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងវាស់វែងយករថយន្តបង្កទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅរង់ចាំដោះស្រាយពេលក្រោយ។
សមត្ថកិច្ចបានបញ្ជាក់ថា ទីតាំងខាងលើមានគ្រោះថ្នាក់ជាញឹកញាប់ ដោយសារតែរថយន្តដែលបើកចុះពីលើស្ពានមកដាច់ហ្រ្វាំង ដូចនេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នផង ៕ ជីម ភារ៉ា ដង្កោ