ភ្នំពេញ៖ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃគ្រោងបង្ហោះមុខសញ្ញាចោរលួច ឆក់ ប្លន់នានា ដែលនគរបាលកំពុងតាមចាប់ខ្លួននៅតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយបណ្តាញព័ត៌មានសង្គមហ្វេសប៊ុកឲ្យប្រជាពលរដ្ឋបានស្គាល់ ដើម្បីត្រៀមការពារទ្រព្យសម្បត្តិរបស់ខ្លួន និងរាយការណ៍ទៅសមត្ថកិច្ច នៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះ ព្រះខែ ។
ថ្លែងក្រោយកិច្ចប្រជុំផែនការការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះ ព្រះខែ និងអកអំបុក របស់អនុគណៈកម្ម ការការពារសន្តិសុខ របៀបរៀបរយ សណ្តាប់ ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិចនិងអ្នកជំងឺដឹកនាំដោយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការផងនោះ នៅថ្ងៃទី៤ ខែវិច្ឆិកា នៅអគ្គស្នងការដ្ឋាននគរ បាលជាតិលោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិបាន ថ្លែងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៦ នេះកងកម្លាំងចម្រុះបានប្រកាសថានឹងរឹតបន្តឹងសន្តិសុខ សណ្តាប់ធ្នាប់ចរាចរណ៍ ជាងឆ្នាំកន្លងមក ក្នុងនោះកងកម្លាំងនឹង ផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវមុខសញ្ញាចោរលួច ឆក់ ប្លន់ នានាដើម្បីរួមគ្នាចាត់ វិធានការ និងការពារទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយឯក ទូច ណារ៉ុថ បន្តថា ទន្ទឹមនឹងការខិតខំពង្រឹងការពារនៅតាមគោលដៅជាច្រើនកន្លែងនោះក៏មាន កងកម្លាំងមួយចំនួននឹងចុះធ្វើការងារចល័ត ដើម្បីអប់រំណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីសុវត្ថិភាពនៃការប្រើប្រាស់ភ្លើង ដុតចម្អិនអាហារនៅកន្លែងលក់ដូរ និងនៅ តាមផ្ទះ។ ជាមួយនោះក៏មានកម្លាំងពេទ្យដើរចល័តស្វែងរកអ្នកជំងឺផងដែរ ។
លោក ទូច ណារ៉ុថ ក៏បាន ស្នើឲ្យប្រជា ពលរដ្ឋដែលចូលមកកម្សាន្តត្រូវផ្តល់ព័ត៌មានមកសមត្ថកិច្ច និងផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចរួមទាំងផ្តល់ការយោគយល់ដោយសាររងការរឹតបន្តឹងពីសមត្ថកិច្ចនៅតាមគោលដៅ ខណៈថ្ងៃនោះនឹងមានមនុស្ស ជាច្រើនកកកុញចូលមកកម្សាន្ត ។
ព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខ នេះកងកម្លាំងប្រដាប់អាវុធចម្រុះនឹងប្រើប្រាស់កម្លាំងប្រមាណជាង១ម៉ឺននាក់នៅ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុង ព្រះរាជពិធីបុណ្យអុំទូកនេះ។ អនុគណៈ កម្មការនៃគណៈបញ្ជាការកងឯកភាពបានត្រៀមប្រើប្រាស់រថយន្តសង្គ្រោះ៣១គ្រឿង ជម្រក តង់ពិនិត្យសុខភាព៩កន្លែង និង ប្រើប្រាស់អូប័រសង្គ្រោះលើផ្ទៃទឹក៧០គ្រឿង នាវា១១គ្រឿង ទូកយន្ត១គ្រឿង ក្បាល សណ្តោង១គ្រឿង ។ ក្រៅពីនេះប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យ និងសម្ភារនានាជា ច្រើនទៀតសម្រាប់ការពារសន្តិសុខ សណ្តាប់ ធ្នាប់ជូនកីឡាករកីឡាការិនីអុំទូក ថ្នាក់ដឹក នាំ និងប្រជាពលរដ្ឋដែលចូលទស្សនា កម្សាន្តក្នុងឱកាសថ្ងៃបុណ្យអុំទូក បណ្តែត ប្រទីប សំពះព្រះខែ និងអកអំបុករយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែវិច្ឆិកា នៅក្នុងរាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៦នេះត្រូវគេរំពឹងថានឹងមានប្រជា ពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិចូលទស្សនា កម្សាន្តច្រើនជាងឆ្នាំ២០១៤ ។
សម្រាប់ពីធីបុណ្យជាតិបុណ្យអុំទូកឆ្នាំ ២០១៦ មានទូកចូលរួមប្រកួតប្រជែងជា ផ្លូវការចំនួន២៥៧ទូក ក្នុងនោះទូកអុំមាន ១៧០ទូក ទូកចែវមាន២៦ទូក ក្រៅពីនេះជាទូកប្រកួតបែបខ្នាតអន្តរជាតិ។ ការ ប្រកួតនោះមានកីឡាករ កីឡាការិនីចូលរួម ប្រកួតមានប្រមាណ១៤.៦៣០នាក់ កីឡាករ ត្រៀមប្រមាណ៣.១៦៣នាក់។ នៅក្រោយ ការប្រកួតមានការបណ្តែតប្រទីបចំនួន១៣ប្រទីបផងដែរ ៕ ហេង សូរិយា