ព័ត៌មានទាន់ហេតុការណ៍៖

នារី៣នាក់ត្រូវចោរមួយក្រុមដកកាំភ្លើងខ្លីភ្ជង់ប្លន់ ម៉ូតូមិនសម្រេច យកបានតែកាបូបស្ពាយ

ចែករំលែក៖

ភ្នំពេញ៖ ចោរមួយក្រុមប្រដាប់អាវុធមួយដើមបានធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពី នារីខារ៉ាអូខេ៣នាក់ ខណៈ ជិះម៉ូតូចេញពីធ្វើការ តែមិនបានសម្រេច រួចក្រុមចោរក៏ឆក់យកកាបូបស្ពាយពីនារីជាម្ចាស់ម៉ូតូដែលទុកនៅជាប់ម៉ូតូជិះយកទៅបាត់ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវកម្ពុជាក្រោម នៅចំណុចមុខផ្ទះលេខ៣២០ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីនារីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកខ្លួនបានជិះម៉ូតូ ១គ្រឿងម៉ាកស្កូពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១CF-៩៦០៤ មានគ្នា ៣នាក់ទើបតែចេញមកពីធ្វេីការនៅខារ៉ាអូខេ W នៅម្តុំម៉ុងឌីយ៉ាល់ គោលបំណងជូនមិត្តភក្ដិ មកផ្ទះនៅម្តុំផ្លូវកម្ពុជាក្រោម ក្បែរស្តុបណានជីង ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានឈប់ម៉ូតូឲ្យមិត្តភក្ដិចូលផ្ទះ ស្រាប់តែលេចមុខចោរមួយក្រុម មានគ្នា៨នាក់ ជិះម៉ូតូ ៤គ្រឿង ជាម៉ូតូហុងដាឌ្រីម សេរីថ្មីទាំងអស់ ភ្លាមៗនោះ ក្រុមចោរក៏បានធ្វើសកម្មភាពដកកាំភ្លើងខ្លីមួយដើម យកមកវាយក្បាលរូបនាងដែលជាម្ចាស់ម៉ូតូ មួយស្នាប់កាំភ្លើងហើយភ្ជង់គំរាមបាញ់ទៀតផង ធ្វើឲ្យរូបនាងភ័យស្លន់ ស្លោយ៉ាងខ្លាំង ហើយរូបនាងក៏បានបោះកូនសោម៉ូតូចោលទៅបាត់ ធ្វើឲ្យក្រុមចោរស្រែកសួររកសោម៉ូតូទៅណាម៉េចអត់ឃើញចឹង ពេលនោះស្រាប់តែមានបុរសម្នាក់ ស្លៀកពាក់ស៊ីវិលប្រដាប់ដោយកាំភ្លើងខ្លីដែលបានឃើញដូច្នេះ ហាក់ដូចជាមានការសង្ស័យ ក៏បានដកកាំភ្លើងចេញពីចងេ្កះហើយបានភ្ជង់ក្រុមចោរនោះវិញ ធ្វើឲ្យក្រុមចោរនោះភ័យបាននាំគ្នាឡើងជិះម៉ូតូចេញទៅអស់ ហើយក៏ទាញកាបូបស្ពាយរបស់នារីរងគ្រោះ ដែលទុកនៅជាប់នឹងម៉ូតូរួចជិះយកទៅបាត់សម្រោលតែម្តង ។

នៅក្នុងកាបូបនោះ នារីរងគ្រោះបាននិយាយថា មានលុយចំនួន៣០ដុល្លារ ទឹកអប់ និងម្សៅ លាបមុខតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ សួរនាំជនរងគ្រោះ ប៉ុន្តែនាងប្រាប់ថា មិនចាំបាច់ទៅដាក់ពាក្យបណ្តឹងនោះទេ សមត្ថកិច្ចក៏បានជូន នាងត្រឡប់ទៅផ្ទះវិញ ។

បើតាមសម្ដីរបស់លោក គុយ ផល្លា នាយប៉ុស្តិ៍នគរបាលរដ្នបាលមិត្តភាពបានប្រាប់ នគរវត្ត ថា កាលពីយប់ មិញអត់មានបទល្មើសចោរប្លន់នោះទេ ។ តើលោក គុយ ផល្លា នាយប៉ុស្តិ៍នគរបាលរដ្នបាលមិត្តភាព ខ្លាចថ្នាក់លើដឹងហើយក៏បិទបាំងពីថ្នាក់លើកុំឲ្យដឹងហើយមើលទៅបានឆ្លើយថា យប់មិញអត់មានបទល្មើសចោរប្លន់នោះ។

គួរបញ្ជាក់ថា ក្រោយពីស្ងាត់មួយរយះកន្លងមកឃើញថា នៅក្នុងខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញចាប់ដើមមានបទល្មើស ចោរឆក់ ចោរប្លន់ ចោរលួច និងបទល្មើសផ្សេងទៀតហើយ ៕ ស រស្មី


ចែករំលែក៖