ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បែកធ្លាយហើយសមត្ថកិច្ចឈ្មោះ អង់ បុត្រ កាងឈើគ្រញូងចរាចរណ៍លើផ្លូវជាតិលេខ៥

ចែករំលែក៖

ជំនួញឈើគ្រញូងបានកក្រើកវិញហើយ ឆ្លងកាត់ផ្លូវជាតិលេខ៥ ឆ្ពោះទៅកាន់ប្រទេសវៀតណាមតាមខេត្តស្វាយរៀង និងមួយចំនួនទៀត លួចឆ្លងទៅខេត្តត្បូងឃ្មុំ ដែលមានសកម្មភាពជារៀងរាល់ថ្ងៃ មានទាំងពេលយប់ និងពេលថ្ងៃ តាមរយៈរថយន្តបាឡែន ឡិចស៊ីស វីហ្គោ ឡង់គ្រីស័រ ជាដើម ។ ឈ្មួញដែលធំជាងគេ គឺមានឈ្មោះ យាយ ម៉ាយ ប្រមូលទិញឈើគ្រញូងនៅខេត្តឧត្តរមានជ័យ ដែលប្រជាពលរដ្ឋចូលទៅកាប់នៅក្នុងទឹកដីថៃ ដឹកឆ្លងកាត់ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ ជួនកាលឆ្លងស្ពានព្រែកក្តាមឆ្ពោះទៅខេត្តកំពង់ចាម មួយចំនួនទៀតបុកចូលរាជធានីភ្នំពេញ ដើម្បីឆ្ពោះទៅប្រទេសវៀតណាមតាមខេត្តស្វាយរៀង ។ ដោយឡែកឈ្មួញ៣រូបទៀត គឺឈ្មោះ ជា ពៅ រស់នៅភូមិអណ្តូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ឈ្មោះ ភុំ ផៃឌឿម រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងឈ្មោះ ឆាង ម៉ៅ ជាមន្ត្រីនគរបាល នៅស្រុកក្រគរ ដាក់ឈ្មោះថា ចាន់ ខៀង រស់នៅភូមិផ្សាររ៉េ ឃុំអន្លង់ត្នោត ស្រុកក្រគរ ក៏ជាឈ្មួញដ៏សំខាន់ និងដឹកជញ្ជូនឈើគ្រញូងជាលក្ខណៈទ្រង់ទ្រាយធំតាមផ្លូវជាតិលេខ៥នេះផងដែរ ។ ក្នុងនោះ គឺមានឈ្មោះ មេសមត្ថកិច្ចមួយរូប ឈ្មោះ អង់ បុត្រ ជាអ្នកចេញមុខរត់ការផ្លូវក្នុងការដឹកជញ្ជូនឈើគ្រញូងទាំងនេះជារៀងរាល់ថ្ងៃ ។

សកម្មភាពរបស់ឈ្មួញដែលស្ថិតក្រោមការគ្រប់គ្រងរបស់ឈ្មោះអង់ បុត្រ ការដឹកជញ្ជូនឈើគ្រញូង មិនត្រឹមតែបង្កប់តាមរថយន្តទំនើបៗប៉ុណ្ណោះទេ ករណីខ្លះគេបានបង្កប់នៅក្នុងរថយន្តស៊ីទែនដឹកសាំង រថយន្តឃ្លុបដឹកទំនិញ ពុំទាន់មានការបង្ក្រាបនៅឡើយទេដោយសមត្ថកិច្ច ដូច្នេះ គួរតែមានវិធានការលុបបំបាត់ ខណៈមុខជំនួញឈើគ្រញូងនេះបានបង្កឲ្យគ្រោះថ្នាក់ដោយសារតែពួកគាត់ ហ៊ានប្រថុយប្រថាន និងជីវិតចូលទៅកាប់ឈើគ្រញូងនៅក្នុងទឹកដីថៃ រងនូវការបាញ់សម្លាប់ ចាប់ដាក់គុកកើតមានជាហូរហែ ៕

 


ចែករំលែក៖