ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់នៃអធិការ ដ្ឋាននគរបាលស្រុកកែវសីមា បានធ្វើការចុះបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ឈ្មោះ សាង វាសនា ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
កម្លាំងសមត្ថកិច្ចបានធ្វើការបង្រ្កាបជនសង្ស័យចំនួន៩នាក់ ហើយសម្ភារៈ និងវត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមានដូចខាងក្រោម ៖
-ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧១កញ្ចប់ទម្ងន់៤០.០៥ក្រាមថ្លឹងទាំងសំបកថង់
-ទូរស័ព្ទចំនួន ៦គ្រឿង (ម៉ាក Pova ចំនួន១គ្រឿង, ម៉ាក Tecno ចំនួន ១គ្រឿង, ម៉ាក Infinix ចំនួន ២គ្រឿង, ម៉ាក Vivo ចំនួន ២គ្រឿង)
-ម៉ូតូចំនួន ២គ្រឿង (ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ, ម៉ាក Wave ពណ៌ខ្មៅ គ្មានស្លាកលេខ)
-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ១គ្រឿង
-ឧបករណ៍សម្រាប់ជក់គ្រឿងញៀន និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យចំនួន៩នាក់ខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងទៅតុលាការចាត់ការទៅតាមនីតិវិធី៕

ដោយ៖ សីហា សែនសុខ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច