ភ្នំពេញ ៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿង ត្រូវបានប្រទេសជប៉ុន ប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅប្រើ ប្រាស់ ជាប្រយោជន៍ សាធារណៈ ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ផ្សេងៗ ។
ពិធីប្រគល់និងទទួលរថយន្តសង្គ្រោះបន្ទាន់ខាងលើនេះត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី០៧ វិច្ឆិកា ឆ្នាំ ២០១៦ នៅសាលារាជធានីភ្នំពេញ ក្រោមអធិតីភាព លោកប៉ា សុជាតិវង្ស អភិបាលរាជធានី និងលោក Tatsuji Osaka តំណាងអង្គការ មនុស្សធ៌មជប៉ុន ព្រមទាំងមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនរូបទៀត ។
ពិធីនេះក៏បានធ្វើឡើងក្រោយពីមានជំនួបពិភាក្សាការងាររវាងលោកប៉ា សុជាតិវង្សនិង លោក Tatsuji Osakaតំណាងអង្គការ មនុស្សធ៌ម ជប៉ុន ផងដែរ ។
លោក ប៉ា សុជាតិវង្ស បាន បញ្ជាក់ថា៖ ការប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនូវរថយន្តសង្គ្រោះបន្ទាន់ចំនួន៤គ្រឿងនេះគឺដើម្បីយក រថយន្តទាំងនេះទៅប្រើប្រាស់ជាប្រយោជន៍ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋពេលជួបគ្រោះថ្នាក់ផ្សេងៗ ។
លោកបន្ដថា៖ រដ្ឋបាលរាជធានីភ្នំពេញនឹងប្រគល់រថយន្តទាំងនេះទៅអោយមន្ទីរសុខាភិបាលរាជធានី ដើម្បីចែកទៅតាមមណ្ឌលសុខភាពនានាក្នុងរាជធានី។ លោកបានរំលឹកថា ៖ អង្គការខាងលើនេះ ជាអង្គការដ៍ ធំមួយនៅប្រជប៉ុន ដែលជួយឧបត្ថម្ភលើការងាររថយន្តសង្គ្រោះផ្សេងៗ ដូចជា រថយន្តសង្គ្រោះ រថយន្តពន្លត់អគ្គីភ័យ រថយន្តបោសសំអាតសំរាមជាដើម ។
លោក Tatsuji Osaka តំណាងអង្គការមនុស្សធ៌មជប៉ុនបានអោយដឹងថា ៖ រថយន្តទាំង៤គ្រឿង នេះ បានមកពីការប្រមូល ពិភាគទាន នានា នៅប្រទេសជប៉ុន ហើយក៏ បានសម្រេចដឹកបញ្ជូនមកអោយរាជធានីភ្នំពេញតែម្តង ដើម្បីបង្កលក្ខណៈ ងាយ ស្រួល ក្នុងការបម្រើ សេវា សុខាភិបាល ផ្នែកដឹកជញ្ជូន ជនរងគ្រោះ ដើម្បីជួយសង្គ្រោះ អាយុជីវិត ប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់ផ្សេងៗ ៕ សំរិត