ខេត្តបាត់ដំបង៖ មន្រ្តីមន្ទីរកសិកម្ម ខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបជីកសិកម្មសញ្ញាក្បាលគោ និងនង្គ័លនាំចូលពីប្រទេសថៃខុសច្បាប់ រំលោភកម្មសិទ្ធិបញ្ញា ចំនួន៩៣ការ៉ុង ស្មើប្រហែល៥តោន នៅដេប៉ូស្តុកលក់ចែកចាយជីកសិកម្មមួយកន្លែងយីហោ ឆែ ទូច ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់ ។
មន្រ្តីជំនាញមន្ទីរកសកម្មខេត្តចុះទៅបង្រ្កាប ធ្វើឡើងកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយអនុវត្តាមបណ្តឹងរបស់ ក្រុមហ៊ុន លឹម ប៊ុនហេង ដ្រេឌីង ដែលជាក្រុមហ៊ុនមានសិទ្ធិផ្តាច់មុខ នាំចូលជីកសិកម្មសញ្ញា ក្បាលគោ និងនង្គ័ល នៅក្នុងប្រទេសកម្ពុជា ក្រោយពីគេរកឃើញថា ដេប៉ូលក់ចែកចាយជីកសិកម្ម ដែលមានយីហោ ឆែ ទូច បានស្តុកសម្រាប់លក់ចែកចាយ ខុសច្បាប់ ។
ក្នុងប្រតិបត្តិការចុះបង្រ្កាប មន្រ្តីជំនាញពិនិត្យរកឃើញថា ជីកសិកម្មសញ្ញាក្បាលគោ និងសញ្ញានង្គ័ល គ្មានលេខបញ្ជិការពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនៅលើសំបកវេចខ្ចប់ សុទ្ធតែជាអក្សរបរទេស ។
ម្ចាស់ដេប៉ូ ដែលមាន ឈ្មោះ ឆែ ទូច ភេទ ស្រីអាយុ៤៤ឆ្នាំ រស់នៅក្នុងឃុំគោកឃ្មុំ ស្រុកថ្មគោល ត្រូវបានមន្រ្តីជំនាញ ឱ្យធ្វើកិច្ចសន្យា បញ្ឆប់នូវការទិញស្តុកទុកសម្រាប់លក់ចែកចាយនូវជីសញ្ញាក្បាលគោ និងសញ្ញានង្គ័ល ខុសច្បាប់បន្តទៀត បើចង់លក់ជីខាងលើស្របច្បាប់ សូមទំនាក់ទំនងទិញពីក្រុមហ៊ុន ដែលមានសំបកវេចខ្ចប់បកប្រែជាភាសារខ្មែរត្រឹមត្រូវ។ ម្ចាស់ដេប៉ូនោះថ្ងៃក្រោយបើសិនមន្រ្តីជំនាញរកឃើញបន្តទៀត និងអនុវត្តតាមផ្លូវច្បាប់។
សេចក្តីរាយការណ៍ឱ្យដឹងថា ជីកសិកម្មរងការបង្រ្កាបខាងលើ ត្រូវបានឈ្មួញដឹកយកមកពីច្រកព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង ក្រោមរូបភាពឈ្មួញទិញប្រើប្រាស់ដាក់ស្រែចំការ ប៉ុន្តែធាតុពិតគេរកឃើញថា ឈ្មួញបានទិញយកមកបោះលក់ចែកចាយទៅឱ្យតាមដេប៉ូ ដើម្បីលក់បន្តឱ្យកសិករតែប៉ុណ្ណោះ ។
មន្រ្តីជំនាញមន្ទីរកសិកម្មឱ្យដឹងទៀតថា ជីកសិកម្មដែលនាំចូលគ្មានលេខបញ្ជិការ និងគ្មានការបកប្រែជាភាសារខ្មែរ គឺអាចប្រឈម ប្រជាកសិករទិញយកទៅប្រើប្រាស់ប៉ះចំជីក្លែងក្លាយ ជាហេតុបង្កឲ្យខាតបង់ផលប្រយោជន៍កសិករ យ៉ាងធ្ងន់ផងដែរ ៕ សំ វិច្ឆិកា