ភ្នំពេញៈ បញ្ហាបណ្តឹង របស់ប្រជាពលរដ្ឋនៅក្នុងសង្កាត់វាលស្បូវ ប្តឹងក្រុមហ៊ុនផាន អ៉ីម៉ិចដែលមានលោកស្រី ស៊ុយ សុផាន ជាប្រធានក្រុមហ៊ុន ពាក់ករណីរំលោភយកដីធ្លីរបស់ពួកគាត់ បានក្លាយជារឿងក្តៅគគុកជាថ្មីម្តងទៀតនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅគ្រាដែលលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងមន្ត្រីរាជការ រាជការ ជុំវិញសាលាខណ្ឌច្បារអំពៅ ។
នៅចំពោះមុខលោកជុំទាវឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយរាជធានីភ្នំពេញ អ្នកស្រីយឹម ស៉ីម៉ន ចៅសង្កាត់វាលស្បូវបានថ្លែងដូច្នេះថា នៅសង្កាត់វាលស្បូវមានបញ្ហាប្រឈមដោះស្រាយមិនចេញជាយូមកហើយរវាងក្រុមហ៊ុនជាមួយប្រជាពលរដ្ឋចំនួន១១៨គ្រួសារប្តឹងលោកស្រីស៊ុយ សុផាន ប្រធានក្រុមហ៊ុនផាន អ៉ីម៉ិច រឿងរំលោកយកដីធ្លីរបស់ពួកគាត់ ។ បញ្ហានេះអាជ្ញាធរសង្កាត់គ្មានលទ្ធភាពដោះស្រាយនោះទេ សូមអោយក្រុមការងារថ្នាក់ជាតិជួយអន្តរាមន៍ដោះស្រាយជូនប្រជាពលរដ្ឋផង ព្រោះជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនផានអ៉ីម៉ិចនៅក្នុងសង្កាត់វាលស្បូវនេះជាជម្លោះរ៉ាំរ៉ៃជាយូមកហើយ។
ដោយចង់ដឹងពីដើមចមនៃជម្លោះដីធ្លីនៅសង្កាត់វាលស្បូវលោកស្រីឧបនាយករដ្ឋមន្ត្រីម៉ែន សំអន បានស្នើអោយលោកអភិបាលខណ្ឌច្បារអំពៅធ្វើការបកស្រាយពីបញ្ហាជម្លោះដីធ្លីនិងចំណាត់ការរបស់អាជ្ញាធរខណ្ឌក្នុងការស្វែងរកដំណោះជូនប្រជាពលរដ្ឋ។
លោកអ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ជូនក្រុមការងារថ្នាក់ជាតិនិងប្រជាពលរដ្ឋនៅក្នុងសង្កាត់វាលស្បូវដែលមានជម្លោះ ដីធ្លីជាមួយក្រុមហ៊ុនផានអ៉ីម៉ិចដូច្នេះថា សូមជម្រាបជូនតាមត្រង់ចុះបញ្ហាជម្លោះដីធ្លីរវាងប្រជាពលរដ្ឋជាមួយក្រុមហ៊ុនផានអ៊ីម៉ិចនៅក្នុងសង្កាត់វាលស្បូវនេះបានបន្សល់ទុកតាំងពីសង្កាត់វាលស្បូវស្ថិតនៅក្រោមការគ្រប់ គ្រងរបស់រដ្ឋបាលស្រុកកៀន ស្វាយមកម្ល៉េះ បណ្តឹងនេះអាជ្ញាធរខណ្ឌបានធ្វើការដោះស្រាយ២-៣ដងមកហើយ មិនទាន់រកដំណោះស្រាយឃើញទេ ឥឡូវនេះអាជ្ញាធរខណ្ឌអស់លទ្ធភាពដោះស្រាយហើយ ប៉ុន្តែនៅតែព្យាយាមរកដំណោះស្រាយជូនប្រជាពលរដ្ឋជានិច្ចក្រោមយុទ្ធសាស្ត្រ ឈ្នះ ឈ្នះ មិនត្រឹមតែមានបញ្ហាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋប៉ុណ្ណោះទេ ក្រុមហ៊ុនផានអ៉ីម៉ិចបានព្យាយាមចាក់ដីលប់បឹងប្រាក្នុងចេតនារំលោភយកបឹង ព្រែក របស់រដ្ឋថែមទៀត តែត្រូវបានអាជ្ញាធរខណ្ឌចាត់វិធានការអោយបញ្ឈប់សកម្មភាពជាបន្ទាន់ ចំណាត់ការនេះមិនបន្ធូរដៃឡើយដើម្បីការពារទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។
លោកអភិបាលបានបន្តថា និយាយរួមមកដល់ពេលនេះជម្លោះដីធ្លីរវាងក្រុមហ៊ុនផានអ៉ីម៉ិចជាមួយប្រជាពលរដ្ឋកំពុងធ្វើអោយអាជ្ញាធរខណ្ឌច្បារអំពៅឈឺក្បាលណាស់ ដោះស្រាយមិនចេញទេ ជាសំណូមពរសូមអោយក្រុមការងារថ្នាក់ជាតិជួយរកដំណោះស្រាយផង អាជ្ញាធរខណ្ឌអល់លទ្ធភាពហើយ
ឆ្លើយតបទៅនឹងបញ្ជាក់របស់លោកស្រីចៅសង្កាត់វាលស្បូវ និងការបកស្រាយពីលោកអភិបាលខណ្ឌច្បារអំពៅ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាសន៍ដូច្នេះថា ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីដែលនៅសេសសល់ជូនប្រជាពលរដ្ឋ ដូចជាបញ្ហាទំនាស់ដីធ្លីរវាងប្រជាប្រជាពលរដ្ឋជាមួយក្រុមហ៊ុនផានអ៉ីម៉ិចនៅក្នុងសង្កាត់វាលស្បូវជាដើម បញ្ហាទំនាស់ដីធ្លីនេះអាជ្ញាធរសង្កាត់-ខណ្ឌបានព្យាយាមដោះស្រាយហើយ ចំណែកលោកអភិបាលខណ្ឌច្បារអំពៅក៍បានបញ្ជាក់ច្បាស់ដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋស្ងប់ចិត្ត បញ្ហានេះក្រុមការងារនិងធ្វើការដោះស្រាយជូន លោកជុំទាវបានបន្តថា ត្រួវរួមគ្នាដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់បន្តទៀត ដូចជាសេវ៉ាបំរើប្រជាពលរដ្ឋ និងសេវ៉ាសំណូមពររបស់ប្រជាពលរដ្ឋ ប្រសិនបើជួបនូវបញ្ហាណាមួយដែលបង្កការរាំងស្ទះដល់ការស្ថាបនាផ្លូវ ប្រព័ន្ធលូ ឬបណ្តាញអគ្គិសនី នៅមូលដ្ឋាន ត្រូវពន្យល់ពីបញ្ហានោះអោយប្រជាពលរដ្ឋបានដឹង ។
នៅចុងបញ្ចប់នៃកម្មវិធីលោកស្រីឧបនាយករដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមអោយអាជ្ញាធរខណ្ឌ-សង្កាត់ជុំរុញប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៅចុះឈ្មោះអោយបានគ្រប់ៗគ្នាដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងតំណាងរាស្ត្រដែលឈានចូលមកដល់នៅពេលខាងមុខ ៕ សណ្តោស