ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងរវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ដោយសារតែការបើកបរខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក តែមិនបណ្តាលអោយមានមនុស្សរងរបួសទេ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកលេខ១៤៨ កែងផ្លូវលេខ១៩ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើបង្កឡើងដោយរថយន្ត២គ្រឿង ដោយមួយគ្រឿងម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ចំណុះ១.៥តោន ពាក់ស្លាកលេខ ភ្នំពេញ ២P-៧៥៩០ និងមួយគ្រឿងទៀតម៉ាក ប៉ាស៊ីរ៉ូ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២Q-៥២៦៦ ។
តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត១.៥កន្លះ បើកតាមបណ្តោផ្លូវលេខ១៤៨ ក្នុងទឹសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តប៉ាស៊ីរ៉ូដែលធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៩ ក្នុងទឹសដៅពីត្បូងទៅជើង មកឆាបបណ្តាលឲ្យថយន្តប៉ាស៊ីរ៉ូខ្លួនឯងរេចង្កូតជ្រុលទៅឡើងឃឿនមុខផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ។
តែតាមសំដីរបស់ម្ចាស់រថយន្ត១.៥បានអោយដឹងថា មុនពេលកើតហេតុ រូបគាត់បើករថយន្តចេញពីឃ្លាំងម្តុំផ្សារកណ្តាល ទៅច្បារអំពៅ ដោយបើកតាមបណ្តោយផ្លូវលេខ១៤៨ក្នុងទឹសដៅពីកើតទៅលិច ពេលបើកមកដល់ត្រង់ចំនុចកើតហេតុ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក ប៉ាស៉ីរ៉ូបើកឆាបបណ្តាលអោយកំប៉ិតមុខខាងឆ្វេងបន្តិច ចំណែករថយន្តបង្កបានរ៉េចង្កូតឡើងលើឃឿនមុខផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ ។
ក្រោយពេលកើតហេតុភាគីទាំង២បានចរចាគ្នា សុខចិត្តយករថយន្តទៅជួសជុលរៀងៗខ្លួនដោយមិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន ឡើយ ៕ ស តារា