ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះហ្គាសថ្មស្អុយសិប្បកម្មទឹកកកជះចំហាយឧស្ម័នសន្លប់មនុស្ស៤នាក់

ចែករំលែក៖

ភ្នំពេញ៖ សិស្សតូចៗរបស់សាលា អាមេរិកាំងដែលស្ថិតនៅក្បែរវត្តដំបូកខ្ពស់ត្រូវបានគ្រូៗជម្លៀសចេញពីក្នុងថ្នាក់រៀនទៅនៅក្នុងវត្តដំបូកខ្ពស់កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ បន្ទាប់ពីខាងសិប្បកម្មផលិតទឹកកក មួយកន្លែងនៅក្បែរនោះបានធ្វើឲ្យផ្ទុះឧស្ម័ន អាម៉ូញា៉ក់ផលិតទឹកកកធ្លាយមកក្រៅចោលក្លិនមិនល្អ និងមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញទៅធ្វើអន្តរាគមន៍ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបាន បញ្ជាក់ប្រាប់ថា ករណីនេះបានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយសារកម្មករសិប្បកម្មផលិតទឹកកកធ្វើឲ្យធ្លាយឧស្ម័នអាម៉ូញា៉ក់ដែលផលិត ទឹករាវទៅជាទឹកកក ។

លោកបន្តថា រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿងបានចេញធ្វើអន្តរាគមន៍ ហើយក្នុងនោះមន្ត្រីរបស់លោក៤នាក់បានសន្លប់ដោយសារទ្រាំនឹងក្លិនឧស្ម័ននេះមិនបានត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះទៅ កាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតភ្លាមៗ ផងដែរ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បន្តថា មន្ត្រីរបស់លោកដែលរងគ្រោះនោះមាន ទី១-ឈ្មោះ សួន តុលា អ្នកបើករថយន្តពន្លត់ អគ្គិភ័យ មានសភាពធ្ងន់ធ្ងរ, ទី២-ឈ្មោះ រឿង ខេមរៈ មន្ត្រីជាប់កិច្ចសន្យា មានសភាព ធ្ងន់ធ្ងរកំពុងសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, ទី៣-ឈ្មោះ អ៊ាង ចាន់ភ័ក្ត្រ និង ទី៤-ឈ្មោះ ស ចាន់ភារិទ្ធ ជាមន្ត្រីនៅអង្គភាព របស់លោក។ អ្នកទាំង២នាក់នេះមានស្ថានភាពស្រាលទេ ប៉ុន្តែដោយសារចំហាយ ឧស្ម័នធ្វើឲ្យគាត់នៅធីងធោងៗនៅឡើយ។ ចំណែកម្ចាស់ទីតាំងសិប្បកម្មនេះឈ្មោះ អ៊ុក ដាវី ភេទស្រី អាយុ៣៤ឆ្នាំ ។

លោកបន្តទៀតថា មិនមានករណីអគ្គិ ភ័យឆាបឆេះផ្ទះសម្បែងនោះទេ ក៏ប៉ុន្តែ យើងខ្លាចក្រែងមានបញ្ហាអគ្គិសនី ព្រោះផ្សែងឧស្ម័ននោះខ្លាំងពេកទើបយើងប្រើប្រាស់ទឹកបាញ់សង្គ្រប់ផ្សែង ហើយសូម្បីតែត្រីគេចិញ្ចឹមនៅផ្ទះក្បែរនោះក៏ងាប់ចង់ អស់ដែរ។ រីឯសម្ភារខូចខាតមានតែរបស់ របរនៅក្នុងតែប៉ុណ្ណោះ។

លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្នុងករណីនេះសមត្ថកិច្ចពុំបានឃាត់ខ្លួនមនុស្សណាម្នាក់នោះទេ ហើយគ្រាន់តែហៅមេការទៅសួរនាំរកមូលហេតុប៉ុណ្ណោះ។ លោកថា ក្នុងនោះ មានកម្មករ៣នាក់សន្លប់រួមនឹងកងកម្លាំង នគរបាល៥នាក់ផងដែរ។

ដោយឡែកលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យដែលបានចុះ ដល់កន្លែងកើតហេតុក៏បានបញ្ជាក់បន្ថែមថា ទីតាំងសិប្បកម្មផលិតទឹកកកនេះស្ថិតនៅភូមិត្នោតជ្រំ២ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ហើយនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា នេះសិប្បកម្មនេះបានផ្ទុះហ្គាសឧស្ម័នអាម៉ូញា៉ក់ដែលបានធ្វើឲ្យជះក្លិនអាក្រក់មកក្រៅស្ទើរទ្រាំពុំបានទើបធ្វើឲ្យសិស្សសាលាក្បែរនេះត្រូវជម្លៀសចេញ។ ដោយឡែកកម្លាំងនគរបាលបង្ការនិងពន្លត់ អគ្គិភ័យ២នាក់មានសភាពធ្ងន់ធ្ងរនិង២ នាក់ស្រាល និងកម្មករ៣នាក់ទៀតក៏មានសភាពស្រាលដែរដោយសារស្រូបក្លិន ឧស្ម័នអាក្រក់នេះហើយ សូម្បីតែដើមឈើ ក៏ងាប់ដែរ ។

លោកបន្តថា ក្នុងករណីនេះលោក ចាន់ បូរិន អគ្គនាយកស្តង់ដារកម្ពុជានិងក្រុមការ ងារក៏បានចុះមកពន្យល់បញ្ហាឧស្ម័ននេះដោយឲ្យប្រជាពលរដ្ឋក្បែរខាងត្រូវប្រុង ប្រយ័ត្ន និងត្រូវជម្លៀសចេញផងដែរ។

លោកអភិបាលរងខណ្ឌដដែលបាន បន្តឲ្យដឹងពីមូលហេតុពីអ្នកបច្ចេកទេសប្រាប់លោកថា មុនពេលកើតហេតុគឺថៅកែសិប្បកម្មផលិតទឹកកកនេះបានហៅជាង ផ្សារទុយយោឲ្យមកធ្វើការជុសជុលទុយយោចាស់ៗផ្លាស់ដាក់ទុយយោថ្មី ហើយ ក្រុមជាងភ្លេចបិទហ្គាសទើបធ្វើឲ្យធ្លាយផ្ទុះតែម្តងទៅ។ នេះជាការធ្វេសប្រហែសធ្វើឲ្យ ប៉ះពាល់ដល់សុខុមាលភាពប្រជាពលរដ្ឋខ្លាំងណាស់ ។

ក្រោយមកក៏មានការឯកភាពពីលោក សេង ហេង ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ ពីអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកនាយ ឧត្តមសេនីយ៍ ជួន សុវណ្ណ ឲ្យឃាត់ខ្លួនម្ចាស់ ទីតាំងអ្នកស្រី អ៊ុក ណាវី ចាត់ការតាមនីតិ វិធី ៕ តាឡឹម

1 2 3 4 7

 

1 a


ចែករំលែក៖