ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសពីរនាក់បានរងរបួសយ៉ាងធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ បុកគ្នា ខណៈកំពុងធ្វើដំណើរបញ្រ្ជាសទិសគ្នាកាលពីរំលងអធ្រាត្រ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥០-១៥១ ស្ថិតក្នុងភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពព៌តមានពីសមត្ថកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ហេតុការណ៍នេះបង្កឡើងដោយអ្នកបើកបរឈ្មោះ លន សុគន្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិទួលកណ្តាល ឃុំព្រៃខ្លា ស្រុកកោះអណ្តែតខេត្តតាកែវ(របួសធ្ងន់) បានបើកបររថយន្តប្រភេទស្ទូច ម៉ាកហ៊ីយ៉ានដាយ ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 3D-3213 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តប្រភេទស៊ីទែនដឹកប្រេងសាំងរបស់ក្រុមហ៊ុន(THARY ពាណិជ្ជកម្ម) ពេញទំហឹង ខណៈកំពុងធ្វើដំណើរបញ្រ្ជាស់ទិសគ្នា(ពីលិចទៅកើត) បណ្តាលឲ្យរងរបួសស្រាលភាគីរថយន្តស៊ីទែនម្នាក់ដែរឈ្មោះ ស៊ូ សុភ័ណ្ឌ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ-ឃុំវិហារខ្ពស់ ស្រុក-ខេត្តត្បូងឃ្មុំ ។
ប្រភពខាងលើបន្តថា រថយន្តស៊ីទែនប្រេងសាំងម៉ាកហ៊ីណូ ពណ៌សរ ពាក់ស្លាកលេខកំពង់ចាម 3A-2168 បើកបរដោយឈ្មោះ ហេង ឃៀង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិ-ឃុំទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មុំ ។
ប្រភពដដែលខាងលើបន្តទៀតថា ជនរងរបួសទាំងពីរនាក់ អ្នកបើកបររថយន្តស្ទូចនិងភាគីខាងរថយន្តស៊ីទែនត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្តទាំងពីរគ្រឿងសមត្ថកិច្ចនគរបាលកំពុងចាត់ចែងយកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគររង់ចាំដោះស្រាយគ្នាជាក្រោយតាមនីតិវិធី ៕ ប៉ឹម ពិន