ភ្នំពេញៈ យុវជនម្នាក់ ជិះម៉ូតូកិនដុំថ្មដួល រួចត្រូវបានជនសង្ស័យមួយក្រុម ធ្វើជាមកជួយលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ស្រមោល កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២៧១ត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះម៉ែន ឧត្តម អាយុ២៦ឆ្នាំ ជាបុគ្គលិកហាងអីុលិចវាំងនន ស្ថិតនៅក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
បើតាមសម្តីជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគេបានជិះម៉ូតូស្មាស់វី ឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AX 8187 ជិះម្នាក់ឯង តាមបណ្តោយផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់គល់ស្ពានអាកាសស្ទឹងមានជ័យខ្លួន ក៏ជិះតាមផ្លូវក្រោមស្ពាន ក៏កិនដុំថ្មដួល ស្រាប់តែមានយុវជនម្នាក់ ដែលមិនស្គាល់មកលើកម៉ូតូរបស់គាត់ជិះចេញបាត់ស្រមោល ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុសិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីកំណត់មុខសញ្ញាជនសង្ស័យផងដែរ ៕ ស តារា